កម្ពុជា-ចិន បញ្ចប់​កិច្ចចរចា​ជុំទី២ លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេរភាគី ហើយ​នឹង​ឈានដល់​សម្រេច​អនុវត្ត​ទាំងស្រុង នៅ​ខែមិថុនា​ខាងមុខនេះ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងចិន បានបញ្ចប់កិច្ចចរចាជុំទី២ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី ដើម្បីពង្រីកនូវទំហំពាណិជ្ជកម្ម វិនិយោគបន្ថែមទៀតរវាងប្រទេសទាំងពីរ ដោយគ្រោងសម្រេចឯកភាពទាំងស្រុងនៅខែមិថុនា ខាងមុខនេះនេះ។

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ប្រទេសកម្ពុជា និងចិន បានបើកការចរចាជុំទី២ លើកិច្ចព្រមព្រៀងសេរីទ្វេភាគី តាមរយៈកិច្ចប្រជុំតាមវីដេអូអនឡាញ ក្រោមវត្តមានរបស់លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក យ៉ាង ចឹងវ៉ី អគ្គនាយករងក្រសួងពាណិជ្ជកម្មចិន។

ការចរចាជុំទី២ នេះ ជាការចរចាបន្តពីជុំទី១ ដែលបានធ្វើឡើងកាលពីថ្ងៃទី២០ ដល់ទី២១ ខែមករា ឆ្នាំ២០២០ កន្លងមក នៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យវឌ្ឍនភាពការងារតាមក្រុមការងារងារតូចៗ និងដោះស្រាយបញ្ហាសេសសល់មួយចំនួន។

ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាគំនិតផ្ដួចផ្ដើម ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក លី គឺជាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងជំនួបទ្វេភាគី នាថ្ងៃទី ២០ ដល់ ២៣ ខែមករា ឆ្នាំ២០២០ នៅទីក្រុងប៉េកាំង ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវាកម្ម និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ។

ប្រទេសទាំងពីរ បានឯកភាពគ្នាលើជំពូកមួយចំនួន នៅក្នុងកិច្ចចរចាជុំទី២ ដូចជា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

ក្នុងនោះដែរ ក្រុមការងារ បានចរចា និងឯកភាពជាគោលការណ៍លើបញ្ហានានាដែលមិនទាន់បានដោះស្រាយមួយចំនួន ព្រមទាំងបានកំណត់គោលដៅ និងដាក់ទិសដៅឱ្យក្រុមការងារតូចៗទាំង ១០ក្រុម យកទៅពិភាក្សាបន្ត ហើយរាយការណ៍ទៅប្រធានក្រុមចរចា មិនឱ្យលើសពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២០ឡើយ ដើម្បីឱ្យប្រធានក្រុមចរចា នៃភាគីនីមួយៗ យកទៅពិភាក្សាផ្ទៃក្នុងរៀងខ្លួន សំដៅឈានដល់ការឯកភាពគ្នាទាំងស្រុង និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ នៅត្រឹមខែមិថុនា ឆ្នាំ២០២០ តាមការគ្រោងទុក។

សូមជម្រាបថា កម្ពុជា-ចិន បានដំណើរការចរចាលើកិច្ចព្រមព្រៀងពសណិជ្ជកម្មទ្វេរភាគីនេះ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុបចំនួន ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់៕

You can share this !

Loading...
អត្ថបទទាក់ទង