សមត្ថកិច្ច ចាប់​បាន​សារធាតុ​សម្លាប់​មេរោគ និង​គ្រឿងសម្អាង ចំនួន​១៣តោន នៅ​ខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរបស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បាន​ចុះ​បង្ក្រាប​ផលិតផល​នាំចូល ស្តុកទុក និង​ចែកចាយ​ខុស​ច្បាប់ នៅ​សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែនសុខ ដែល​មាន​ទាំង​សារធាតុ​សម្លាប់​មេរោគ និង​គ្រឿង​សម្អាង។

ក្នុង​ប្រតិបត្តិការ​​ គណៈកម្មាធិការ​ បាន​រក​ឃើញ​ផលិតផល​ខុស​ច្បាប់​ជាច្រើន​មុខ សរុប​ជាង ២ ពាន់​កេស ស្មើ​នឹង​ប្រមាណ ១៣តោន ដែល​ក្នុង​នោះ​ មាន​ទាំង​សារធាតុ​សម្លាប់​មេរោគ ម៉ាស់ និង​គ្រឿងសម្អាង ដូចជា៖

    សាប៊ូ​កក់សក់​ម៉ាក Max Care ៥ កេស

    សា​ប៊ូកក់​សក់​ម៉ាក THDH ៥៦០ កេស

    ក្រណាត់ស៊ើម​សម្លាប់មេរោគ ៧០០កេស

    ម៉ាស់ម់ាក HI PM2.5​​​​​​ ចំនួន ៤កេស

    ជែលលាងដៃសម្លាប់មេរោគម៉ាក​ SOUEEUE (៥០០ម.ល) ៤៧៥ កេស

    ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥ម.ល) ៦០ កេស

    ស្ព្រាយ៍ (Spray) បណ្តុះសក់ ៥កេស

    ស្ព្រាយ៍ (Spray) អាល់កុលម៉ាក Ferfanduo (១០០ម.ល) ៤៥ កេស

ក្រោយ​ត្រួតពិនិត្យ​ផលិតផល​ទាំង​នោះ សមត្ថកិច្ច​ចម្រុះ​ សម្រេច​ផ្អាក​អា​ជីវកម្ម​បណ្ដោះអាសន្ន ហើយ​ផលិតផល​ទាំងនោះ​ ត្រូវ​ឃាត់​រក្សា​ទុក​នៅ​ទីតាំង​ដដែល និង​ដក​ហូត​វត្ថុ​តាង​មួយ​ចំនួន​យក​ទៅ​ធ្វើ​ការ​ពិសោធន៍ និងកំពុង​​បន្ត​នីតិវិធី ចាត់​វិធាន​ការ​តាម​ច្បាប់។

សមត្ថកិច្ច​ចម្រុះ​ បាន​ពិនិត្យ និង​សន្និដ្ឋាន​បឋម​ពី​ទីតាំង​នាំ​ចូល ស្តុកទុក និង​ចែកចាយ ​​មិន​អនុលោម​តាម​ច្បាប់​កំណត់ ​ដូចជា៖

១- គ្មាន​លើក​ស្លាក​យីហោ​ត្រឹមត្រូវ

២- ផលិតផល​ទាំងនេះ ពុំ​មាន​ចុះ​បញ្ជិកា ឬ​លេខ​ប្រវេទន៍ ពី​ក្រសួង​សុខាភិបាល

៣- គ្មាន​អញ្ញាតប័ណ្ណ​បើក​គ្រឹះ​ស្ថាន​អាហរ័ណ នីហរ័ណ​គ្រឿង​សម្អាង ពី​ក្រសួង​សុខាភិបាល

៤- គ្មាន​លិខិត​បញ្ជាក់​គុណភាព​ផលិតផល​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច

៥- ផលិតផល​ទាំងនោះ អាច​នឹង​អន់​គុណភាព ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក

៦- គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ដាក់​លក់​ផលិតផល​លើ​ទីផ្សារ

៧- បាន​ធ្វើការ​ឃោសនា​ផ្សព្វផ្សាយ​ផលិតផល​ទាំង​នោះ ​តាម​បណ្ដាញ​សង្គម Facebook ដោយ​មិន​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល៕

You can share this !

Loading...
អត្ថបទទាក់ទង