ថៃ ហាមឃាត់​ការ​លក់​គ្រឿង​ស្រវឹង រយៈពេល​១០ថ្ងៃ នៅ​ទីក្រុង​បាងកក

បាងកក៖ អាជ្ញាធរថៃ នៅទីក្រុងបាងកក បានធ្វើការហាមឃាត់ការលក់គ្រឿងស្រវឹង រយៈពេល ១០ថ្ងៃ ដើម្បីជៀសវាងការប្រមូលផ្ដុំ ដែលអាចបង្កឱ្យមានការចម្លងវីរុសកូវីដ១៩ ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។

បម្រាមរបស់រដ្ឋបាលទីក្រុងបាងកក ត្រូវបានអនុវត្តចាប់ពីថ្ងៃទី១០ ដល់ ២០ ខែមេសា ឆ្នាំ២០២០ ។ បម្រាមនេះរបស់រដ្ឋបាលក្រុងបាងកកនេះដែរ គឺស្របពេលដែលខេត្តមួយចំនួន នៅក្នុងប្រទេសថៃ បានហាមឃាត់ការលក់គ្រឿងស្រវឹង។ វិធានការនេះ បានធ្វើឡើងស្របពេលដែលថៃកំពុងស្ថិតនៅក្នុងស្ថានភាពនៃគ្រាអាសន្ន ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា។

ក្រោយការដាក់ចេញនូវបម្រាមនេះ គេសង្កេតឃើញ ប្រជាជននៅក្រុងបាងកក បានសម្រុកទៅទិញស្រាបៀរ ដើម្បីស្តុកទុកនៅតាមគេហដ្ឋានរៀងៗខ្លួន។ ផ្សារទំនើបនានា មានអ្នកតម្រង់ជួរ និងមានពាក់ម៉ាស ជាច្រើននាក់។

សូមជម្រាបថា ថៃ រកឃើញករណីឆ្លងកូវីដ១៩ គិតមកទល់ថ្ងៃព្រហស្បតិ៍ ចំនួន ២៤២៣ករណី ខណៈពិធីបុណ្យចូលឆ្នាំនៅប្រទេសនេះ ក៏ត្រូវបានលុបចោលផងដែរ ហើយរដ្ឋាភិបាលថៃ នឹងប្រកាសពីពេលវេលាសមស្រប សម្រាប់ការរៀបចំពិធីបុណ្យចូលឆ្នាំនេះ នៅពេលក្រោយ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង