មន្ត្រី ដែល​ប្រើ​ហិង្សា​ចាប់ចង​ស្ត្រីមាន​ផ្ទៃពោះ ព្រោះ​រឿង​បន្ទប់ជួល ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ

ភ្នំពេញ៖ មន្ត្រីក្រសួងសាធារណការម្នាក់ ឈ្មោះ អ៊ូ ប៊ុនធី ដែលបានប្រើហិង្សាចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ កាលពីពេលថ្មីៗនេះ ត្រូវបាននគរបាលព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ នេះបើតាមការឱ្យដឹងពីលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក គុជ គឹមឡុង បានបញ្ជាក់ថា ករណីនេះ អយ្យការ នឹងពិនិត្យលើសំណុំរឿង និងអង្គហេតុជាមុនសិន ទើបមានសេចក្ដីសម្រេចជាផ្លូវការនៅពេលក្រោយ។

សូមបញ្ជាក់ថា ឈ្មោះ អ៊ូ ប៊ុនធីវី បានប្រើហិង្សាទៅលើស្ត្រីមានផ្ទៃពោះ៤ខែម្នាក់កាលពីពេលថ្មីនេះ។ បើយោងតាមវីដេអូ ដែលត្រូវបានបង្ហោះចែកចាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឱ្យមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ខណៈឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីសាធារណការ ដែលជាសកម្មភាពមួយបង្ហាញពីភាពគ្មានសីលធម៌។ សកម្មភាពនេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភ្លាមៗជនរងគ្រោះបានដាក់ពាក្យបណ្តឹង និងបានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១រសៀល មុនពេលកើតហេតុ ជនរងគ្រោះបានទៅរើឥវ៉ាន់របស់បងស្រី ឈ្មោះ ស្រីម៉ៅ ដែលបានជួលបន្ទប់លេខ A4 ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ពេលជនរងគ្រោះទៅដល់បានរើឥវ៉ាន់ដាក់លើកង់បី ដើម្បីយកមកបន្ទប់ជួលថ្មី នៅក្បែរបន្ទប់ជួលចាស់ ស្របពេលនោះ ម្ចាស់ផ្ទះចាស់បានមករករឿង រហូតមានទំនាស់ពាក្យសម្តី ដោយយកក្រមាចាំចងជនរងគ្រោះជាប់នឹងទ្វារតែម្តង។ បច្ចុប្បន្ន ស្ត្រីរងគ្រោះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយកើតមានអំពើហឹង្សារនោះ ជនដៃដល់បានរត់គេចខ្លួនអស់២ថ្ងៃទើបចូលខ្លួនមកសារភាពទទួលកំហុស ហើយនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

You can share this !

Loading...
អត្ថបទទាក់ទង