WWF ថា សាធារណៈជន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល បិទ​ទីផ្សារ​ជួញដូរ​សត្វព្រៃ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជា​វិធានការ​ឆ្លើយតប​នឹង​កូវីដ១៩

អាស៊ី៖ ខណៈដែលពិភពលោកកំពុងតែប្រឈមនឹងគ្រោះអាសន្នសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរបំផុត ដែលមិនធ្លាប់មានពីមុនមក មហាជនចំនួនជាង ៩០% មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងហុងកុង ដែលបានចូលរួមក្នុងការសិក្សាស្ទង់មតិ បានសម្តែងមតិគាំទ្រឱ្យមានចំណាត់ការមួយឡើងដោយរដ្ឋាភិបាល ក្នុងការបិទទីផ្សារជួញដូរសត្វព្រៃខុសច្បាប់ និងគ្មានការអនុញ្ញាតនានា។ នេះបើយោងតាមលទ្ធផលនៃការសិក្សាស្ទង់មតិមួយ ដែលបានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះសម្រាប់អង្គការ WWF។

ការផ្ទុះឡើងនូវវីរុសកូវីដ១៩នាពេលថ្មីៗនេះ ធ្វើឱ្យមានការពិនិត្យយ៉ាងមុតមាំទៅលើទំនាក់ទំនងរវាងប្រភេទជំងឺឆ្លងតាមរយៈសត្វដែលជាប្រភេទវីរុសឆ្លងពីសត្វទៅមនុស្ស ជាមួយនឹងទីផ្សារជួញដូរសត្វព្រៃ។ ការសិក្សាស្ទង់មតិមួយដែលបានធ្វើឡើងក្នុងខែមីនា មានអ្នកចូលរួមចំនួន ៥ ០០០ នាក់ មកពីហុងកុង ជប៉ុន មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានបង្ហាញថា មនុស្សចំនួន ៨២% នៃចំនួនមនុស្សសរុបដែលបានចូលរួមក្នុងការស្ទង់មតិ មានការព្រួយបារម្ភយ៉ាងខ្លាំងបំផុតចំពោះការផ្ទុះឡើងនូវវីរុសកូវីដ១៩នេះ ហើយក្នុងចំណោមចំនួនសរុបនៃអ្នកចូលរួមក្នុងការស្ទង់មតិនោះ មានមនុស្សចំនួន ៩៣% បានបញ្ចេញមតិគាំទ្រឱ្យរដ្ឋាភិបាលរបស់ពួកគេ ដាក់ចេញនូវចំណាត់ការដើម្បីលុបបំបាត់ទីផ្សារជួញដូរសត្វព្រៃខុសត្រូវ និងគ្មានការអនុញ្ញាត។

អ្វីដែលនៅតែជាមន្ទិលសង្ស័យនោះ គឺប្រភពនៃការផ្ទុះឡើងរបស់វីរុសកូវីដ១៩ ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ហើយថា វាជាប្រភេទជំងឺដែលឆ្លងពីសត្វ ពោលគឺវាជាប្រភេទវីរុសដែលចម្លងពីសត្វព្រៃទៅមនុស្ស។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះ រដ្ឋាភិបាលចិន បានប្រកាសអំពីការហាមឃាត់ដាច់ខាតចំពោះការប្រើប្រាស់ និងបរិភោគសត្វព្រៃ។

លទ្ធផលនៃការស្ទង់មតិរបស់អង្គការ WWF បង្ហាញថា ប្រជាពលរដ្ឋគាំទ្រឱ្យមានវិធានការប្រហាក់ប្រហែលគ្នានេះពីសំណាក់រដ្ឋាភិបាលនៅក្នុងប្រទេសដទៃផ្សេងៗទៀតនៅក្នុងតំបន់។ នេះជាសិក្សាស្ទង់មតិជាសាធារណៈដំបូងគេបង្អស់ ហើយដែលបានធ្វើឡើងស្តីអំពីទំនាក់ទំនងរវាងវីរុសកូវីដ១៩ និងការជួញដូរសត្វព្រៃនៅក្នុងតំបន់អាស៊ី។

លោក គ្រីស្ទី វីលលៀមស៍ (Christy Williams) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការ WWF បានមានប្រសាសន៍ថា៖ “ប្រទេសចិន បានចាត់វិធានការសំខាន់ៗមួយចំនួនដើម្បីហាមឃាត់ការបរបាញ់ ជួញដូរ ចរាចរណ៍ និងការបរិភោគសត្វព្រៃ ហើយប្រទេសវៀតណាមក៏កំពុងតែរៀបចំវិធានការស្រដៀងគ្នានេះដែរ”។ លោកបានបន្តថា៖ “រដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីដទៃទៀតគួរធ្វើតាមគំរូនេះ ដោយបិទទីផ្សារសត្វព្រៃនានាក្នុងប្រទេសរបស់ខ្លួន និងបញ្ឈប់ការជួញដូរសត្វព្រៃទាំងអស់ដើម្បីការពារជីវិតមនុស្ស និងបង្កា វិបិត្តសង្គមនិងសេដ្ឋកិច្ច ដែលមនុស្សទូទាំងសកលលោកកំពុងទទួលរងគ្រោះនេះ កុំឱ្យកើតឡើងជាថ្មីម្តងទៀត”។

លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “នៅក្នុងប្រទេសកម្ពុជា កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងការអនុវត្តច្បាប់ដោយក្រសួងបរិស្ថាន និងក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ពិតប្រាកដមួយ ហើយទន្ទឹមនឹងនេះដែរ សេចក្តីណែនាំលេខ ៥ ដាក់ចេញក្នុងឆ្នាំ២០១៩ របស់គណៈអភិបាលខេត្តមណ្ឌល​គិរី បានចូលរួមកាត់បន្ថយវត្តមាននៃផលិតផលសត្វព្រៃ និងសាច់សត្វព្រៃ នៅលើទីផ្សារ ក៏ដូចជានៅតាមបណ្តាតំបន់រម្យនីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្ត”។  លោកបានបន្តទៀតថា៖ “គេចាំបាច់ត្រូវបញ្ឈប់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ ជាពិសេសប្រភេទ ថនិកសត្វ ពពួកបក្សី និងប្រភេទសត្វល្មូននានា ដែលសុទ្ធសឹងជាប្រភេទសត្វដែលអាចមានហានិភ័យខ្ពស់ក្នុងការ ចម្លងវីរុសដល់មនុស្ស ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងសុខភាពសាធារណៈល្អជូនដល់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាដើម្បីបញ្ចៀសកុំឱ្យមានការផ្ទុះឡើងនូវវីរុសឆ្លងចេញពីប្រទេសយើង”។

មនុស្សចំនួន ៩ ភាគរយ នៃចំនួនមនុស្សសរុបដែលបានចូលរួមក្នុងការសិក្សាស្ទង់មតិធ្វើឡើងដោយស្ថាប័នឈ្មោះ ហ្គ្លូបស្កេន (GlobeScan) បានបញ្ជាក់ថា ខ្លួនគេផ្ទាល់ ឬអ្នកដទៃផ្សេងទៀតដែលគេបានស្គាល់ ធ្លាប់បានទិញសត្វព្រៃក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ពីទីផ្សារសត្វព្រៃដែលដាក់លក់ជាចំហរ  ខណៈដែលមនុស្សចំនួន ៨៤% នៃអ្នកដែលត្រូវបានគេស្ទង់មតិ បានប្រាប់ថាពួកគេនឹងមិនទិញសត្វព្រៃទេចាប់ពីពេលនេះតទៅ។

លោក ម៉ាកូ ឡាមប៊ឺតធីនី (Marco Lambertini) អគ្គនាយកនៃអង្គការ WWF អន្តរជាតិ បានមានប្រសាសន៍ថា៖“សាធារណៈជនក្នុងតំបន់អាស៊ីបានបញ្ចេញទស្សនៈរបស់ខ្លួនហើយៗ ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសនានាដែលមានទីផ្សារជួញដូរសត្វព្រៃ កំពុងទាមទារឱ្យមានវិធានការនានាដើម្បីហាមឃាត់ការប្រើប្រាស់និងបរិភោគសត្វព្រៃ ក៏ដូចជាបិទចោលទាំងស្រុងនូវរាល់ការជួញដូរសត្វព្រៃខុសច្បាប់និងគ្មានការអនុញ្ញាតទាំងអស់។ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយគាំទ្រចំណាត់ការដោយរដ្ឋាភិបាលរបស់ខ្លួន ដើម្បីទប់ស្កាត់ហានិភ័យសុខភាពពិភពលោកដែលអាចកើតចេញពីទីផ្សារសត្វព្រៃ នៅពេលអនាគត”។  លោកបានបន្តទៀតថា៖ “វាដល់ពេលហើយដែលមនុស្សត្រូវស្វែងយល់ពីទំនាក់ទំនងរវាងការជួញដូរសត្វព្រៃ ការសឹករិចរិលនៃបរិស្ថាន និងគ្រោះមហន្តរាយចំពោះសុខភាពមនុស្ស។ ការចាត់វិធានការក្នុងពេលឥឡូវនេះគឺពិតជាមានភាពចាំបាច់ណាស់ដើម្បីជាប្រយោជន៍ នៃមនុស្សជាតិ ក៏ដូចជាការរស់រានមានជីវិតរបស់ប្រភេទសត្វព្រៃជាច្រើនដែលរងគ្រោះដោយសារការប្រើប្រាស់ បរិភោគ និងការជួញដូរ”។

អង្គការសុខភាពពិភពលោក (WHO) បានចេញរបាយការណ៍ថាជំងឺកូវីដ១៩ ដែលរាលដាលជាសកលនាពេលបច្ចុប្បន្ននេះ បូករួមទាំងធាតុបង្កជំងឺទាំងអស់នៅលើខ្លួនមនុស្សចំនួន ៦១% ផង គឺមានប្រភពឆ្លងមកពីសត្វ ដែលការជួញដូរសត្វព្រៃជាកត្តាបង្កគ្រោះថ្នាក់ខ្លាំងជាងគេមួយក្នុងការធ្វើឱ្យរីករាលដាលនៃជំងឺឆ្លងតាមរយៈសត្វ។ ជំងឺឆ្លងរាលដាលផ្សេងៗទៀតដូចជា ជំងឺហ្សារស៍ (SARS) មើស៍ (MERS) និងអេបូឡា (Ebola) ក៏ត្រូវបានគេរកឃើញថាបណ្តាលមកពីវីរុសដែលឆ្លងពីសត្វមកមនុស្សផងដែរ។

ការជួញដូរសត្វព្រៃដែលគ្មាននិរន្តរភាពជាកត្តាគំរាមកំហែងដោយផ្ទាល់ធំបំផុតលំដាប់ទី២ចំពោះធនធានជីវៈចម្រុះ នៅលើសកលលោក បន្ទាប់ពីការបំផ្លិចបំផ្លាញទីជម្រកធម្មជាតិរបស់សត្វព្រៃ។ ចំនួនប្រភេទសត្វឆ្អឹងកងទាំងអស់លើភពផែនដីបានធ្លាក់ចុះចំនួនប្រមាណ ៦០% ជាមធ្យម ចាប់តាំងពីឆ្នាំ១៩៧០ ហើយរបាយការណ៍ឆ្នាំ២០១៩ របស់វេទិកាគោលនយោបាយ-វិទ្យាសាស្ត្រ អន្តររដ្ឋាភិបាលស្តីអំពីជីវៈចម្រុះ និងសេវាកម្មអេកូឡូស៊ី (IPBES) បានសន្មត់ថាជាមធ្យម ប្រភេទសត្វនានាលើសកលលោកចំនួនប្រមាណ ២៥% កំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជ៕

You can share this !

Loading...
អត្ថបទទាក់ទង