បទវិភាគ៖ វិធីបង្ការ ៤យ៉ាង ដែល​គួរតែ​ត្រូវបាន​អនុវត្ត​អំឡុង​វិបត្តិ​ជំងឺកូវីដ១៩

បច្ចុប្បន្ន ពិភពលោក បានរកឃើញអ្នកដែលបានឆ្លងវីរុសកូវីដ១៩ លើសពី ១លាននាក់ ក្នុងនោះ សហរដ្ឋអាមេរិក កំពុងមានចំនួនអ្នកឆ្លងច្រើនជាងគេ ដោយឈរនៅលំដាប់ទីមួយ មានចំនួនជាង ៤០ម៉ឺននាក់ និងស្លាប់ប្រហែល ១៣០០០នាក់។ ចំនួនអ្នកឆ្លងពាក់កណ្ដាល គឺស្ថិតនៅក្នុងទ្វីបអឺរ៉ុប។ មកទល់ពេលនេះ គេមិនអាចប៉ាន់ស្មាននូវភាគរយ នៃចំនួនប្រជាជនសរុបនៅលើពិភពលោក ដែលបានឆ្លងវីរុសកូវីដ១៩ នោះទេ។

កូរ៉ូណាវីរុសប្រភេទថ្មី ដែលត្រូវបានអង្គការសុខភាពពិភពលោក ឱ្យឈ្មោះថា កូវីដ១៩ (COVID-19) ត្រូវបានរាយការណ៍ថា បានផ្ទុះចេញពីទីក្រុងអ៊ូហាន ដែលបានធ្វើឱ្យរដ្ឋាភិបាលចិន ដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ការចម្លងដោយបិទច្រកព្រំដែន បាញ់សម្លាប់មេរោគនៅទីសាធារណៈ និងគ្រប់គ្រងដើម្បីធានាមិនឱ្យមានអ្នកឆ្លងថ្មីបន្ថែមទៀតនៅទូទាំងប្រទេស។ វិធានការការពារការចម្លង ដែលយើងធ្លាប់ស្គាល់ ដែលត្រូវបានអនុវត្តដោយបណ្ដាប្រទេសនានាលើពិភពលោក គឺ ធ្វើតេស្ត ស្វែងរក និង ដាក់ឱ្យនៅដាច់ដោយឡែក។

យោងតាមសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Edinburgh និងជាប្រធានផ្នែកសុខភាពសាធារណៈ លោក Devi Sridhar បានគូសបញ្ជាក់ឱ្យឃើញនូវវិធីចំនួន ៤ យ៉ាង ដើម្បីអាចនឹងបញ្ចប់នូវការរាតត្បាតនៃវីរុសកូវីដ១៩ ដែលប្រទេសនានាគួរតែអនុវត្ត។

ទី១- រដ្ឋាភិបាលនៃប្រទេសនីមួយៗ ត្រូវរួបរួមគ្នាដើម្បីសម្រេចឱ្យបាននូវផែនការលុបបំបាត់វីរុសកូវីដ១៩ ដោយវិធីដែលចំណាយតិច និងឆាប់រហ័ស ពោលគឺ ប្រទេសទាំងអស់នៅលើពិភពលោក មានការឯកភាពគ្នាដើម្បីបិទព្រំដែនរៀងៗខ្លួន ក្នុងរយៈពេលសមស្របមួយ និង ដាក់ចេញនូវយុទ្ធនាការច្បាស់លាស់ ដើម្បីស្វែងរកអ្នកដែលផ្ទុកវីរុសកូវីដ១៩ និងការពារការចម្លងទៅកាន់អ្នកដទៃ។ វិធីនេះ ទំនងជាមិនអាចកើតឡើងបានឡើយ ព្រោះថា វីរុសបានរាតត្បាតនៅទូទាំងសាកលោករួចទៅហើយ ខណៈប្រទេសមួយចំនួន បង្ហាញពីការស្នាក់ស្ទើក្នុងការសហការជាមួយគ្នា។

ទី២- ក្នុងករណីដែលគេអាចរកឃើញ វ៉ាក់សាំង ការពារវីរុសកូវីដ១៩ ដោយជោគជ័យ បន្ទាប់ពីការធ្វើតេស្ដសាកល្បង ដែលតាមការប៉ាន់ស្មាន មានរយៈពេលយ៉ាងតិច ១៨ខែ បណ្ដាប្រទេសទាំងអស់ គួរតែព្យាយាមទប់ស្កាត់កុំឱ្យវីរុសមានការឆ្លងរាតត្បាត នៅក្នុងរយៈពេល ១២-១៨ ខែ ដោយវិធីបិទទីក្រុងដែលមានអ្នកឆ្លងជាច្រើននាក់។ អាជ្ញាធរសុខាភិបាល ត្រូវត្រៀមបន្ទប់សម្រាប់ព្យាបាលអ្នកជំងឺ ឧបករណ៍ជំនួយដល់ផ្លូវដង្ហើម និងចំនួនបុគ្គលិកគ្រប់គ្រាន់ ដើម្បីឆ្លើយតបទាន់ពេលវេលា។ យ៉ាងណាមិញ ជម្រើសនេះ នៅតែមិនទាន់ល្អប្រសើរនោះទេ ដោយសារតែប្រព័ន្ធសុខាភិបាល នឹងមានការងារមហាញឹក ហើយតម្លៃសេដ្ឋកិច្ច និងសង្គម នៃការបិទទីក្រុង គឺខ្ពស់ខ្លាំង។ ការបិទទីក្រុង អាចបណ្ដាលឱ្យប្រជាជនបាត់បង់ការងារ ភាពក្រីក្រកុមារកើនឡើង និងអសន្តិសុខសង្គមកើតឡើងនៅក្នុងប្រទេស។ នៅប្រទេសក្រីក្រ ប្រជាជនអាចនឹងស្លាប់ អំឡុងពេលនៃការបិទទីក្រុង ដោយសារតែកង្វះអាហារូបត្ថម្ភ ជំងឺផ្សេងៗ និង ភាពមានកម្រិតនៃទឹកស្អាតសម្រាប់ការបរិភោគ។

ទី៣- ស្របពេលពិភពលោក កំពុងរង់ចាំវ៉ាក់សាំងការពារវីរុសកូវីដ១៩ បណ្ដាប្រទេសនានា អនុវត្តនូវវិធានការបង្កើនការធ្វើតេស្តរកអ្នកផ្ទុកវីរុស ស្វែងរកប្រភពនៃការចម្លង និងដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៣សប្ដាហ៍។ វិធីនេះ តម្រូវឱ្យមានការធ្វើផែនការទ្រង់ទ្រាយធំ ការបង្កើតកម្មវិធីលើទូរសព្ទសម្រាប់តាមដានអ្នកដែលប៉ះពាល់អ្នកជំងឺ និង អ្នកស្ម័គ្រចិត្តជាច្រើន ដើម្បីជួយដល់វិធានការតាមដាន និងធ្វើតេស្ត អំឡុងពេលដាក់នៅដាច់ដោយឡែក។ វិធានការរក្សាគម្លាតពីគ្នាកាន់តែឆ្ងាយ ក៏នឹងរួមចំណែកដល់ការការពារការរាតត្បាត និងជួយសម្រាលនូវសម្ពាធលើប្រព័ន្ធសុខាភិបាលរបស់ប្រទេសនីមួយៗ។

ទី៤- ក្នុងពេលដែលវ៉ាក់សាំងមិនទាន់ត្រូវបានរកឃើញ វិធីមួយទៀត គឺការគ្រប់គ្រងជំងឺកូវីដ១៩ ដោយការយកចិត្តទុកដាក់លើការព្យាបាលអ្នកដែលមានរោគសញ្ញារបស់កូវីដ១៩ (អាចមិនមែនជាអ្នកផ្ទុកកូវីដ១៩)។ ជាងនេះទៅទៀត គ្រូពេទ្យ អាចនឹងព្យាបាលអ្នកជំងឺ ដោយមិនទុកឱ្យពួកគេ ធ្លាក់ខ្លួនឈឺដុនដាប ឬការពារមិនឱ្យពួកគេឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ ដែលអាចបណ្ដាលឱ្យស្លាប់បាន។ ម្យ៉ាងទៀត គេអាចប្រើប្រាស់វិធីព្យាបាលចំពោះរោគសញ្ញានៃការចាប់ផ្ដើមរបស់កូវីដ១៩ ជាមួយនឹងការធ្វើរោគវិនិច្ឆ័យ ដើម្បីស្វែងរកអ្នកដែលបានឆ្លង៕

You can share this !

Loading...
អត្ថបទទាក់ទង