ថវិកា​ជាង ៣០ម៉ឹនដុល្លារ ដែល​ទទួល​បាន​ពី​សប្បុរសជន ត្រូវ​បាន TYDA យក​ទៅ​ប្រគល់​ជូន​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩

ភ្នំពេញ៖ ថវិកាដែលបានពីការចូលរួមរបស់សប្បុរសជនទាំងអស់សរុបចំនួន ៣៣៥,៤៣៧ ដុល្លារអាមេរិក និង ៧៤,៣៧៩,០០០រៀល ត្រូវបានក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកទៅប្រគល់ជូនគណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន។

ការប្រគល់នេះ គឺបានធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារប្រតិបត្តិសមាគម TYDA និងលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សមាគម TYDA បានលើកឡើងថា “នេះគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាស្របពេលដែលយើងទាំងអស់គ្នាមានតម្រូវការ និងភាពចំបាច់នៃការចូលរួមពីសប្បុរសជនក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាតមេរោគផ្លូវដង្ហើមថ្មីCovid19 និងលើកស្ទួយសុខមាលភាពប្រជាពលរដ្ឋ”។

ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) សូមថ្លែងអំណរគុណសប្បុរស​ជនដែលមានទឹកចិត្តថ្លៃថ្លាល្អប្រពៃចូលរួមសកម្មភាពមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid-19 តាមរយៈសមាគមTYDA។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ មានសប្បុរសជន បានឧបត្ថម្ភថវិកា និងសម្ភារជាច្រើន ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)៕

You can share this !

Loading...
អត្ថបទទាក់ទង