UN៖ វិបត្តិ​កូវីដ១៩ អាច​បណ្ដាល​ឱ្យ​ប្រជាជន​កន្លះពាន់លាននាក់ ធ្លាក់​ក្រោម​បន្ទាត់ក្រីក្រ

បរទេស៖ ការសិក្សាមួយរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញថា បញ្ហាជំងឺកូវីដ១៩ នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ហើយប្រជាជនកន្លះពាន់លាននាក់ អាចនឹងធ្លាក់នៅក្រោមបន្ទាត់ក្រីក្រ។ ការសិក្សានេះ ដឹកនាំដោយក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យទីក្រុងឡុងដ៍ និងសាកលវិទ្យាល័យជាតិអូស្ត្រាលី។

ការសិក្សាដដែលអះអាងថា ប្រជាជនក្រីក្រ នឹងកើនឡើងជាលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ។ លោក Christopher Hoy នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី បានឱ្យដឹងថា វិបត្តិសេដ្ឋកិច្ច នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរជាងវិបត្តិសុខភាពទៅទៀត។ ប្រជាជនប្រហែល ៤០០-៦០០ លាននាក់ នឹងធ្លាក់ក្រោមបន្ទាត់នៃភាពក្រីក្រ ហើយផលប៉ះពាល់នៃវិបត្តិកូវីដ១៩ នឹងបង្កជាឧបសគ្គដល់ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ UN ដែលមានបំណងលុបបំបាត់ភាពក្រីក្រឱ្យបាន នៅត្រឹមឆ្នាំ២០៣០។

ការសិក្សាខាងលើ បានបញ្ជាក់ថា នៅពេលជំងឺរាតត្បាតកូវីដ១៩ បានបញ្ចប់ ពាក់កណ្ដាល នៃចំនួនប្រជាជនសរុប៧,៨ពាន់លាននាក់នៅលើពិភពលោក នឹងរស់នៅក្នុងភាពក្រីក្រ។ ប្រហែល ៤០% នៃប្រជាជនក្រីក្រថ្មី នឹងមាននៅតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិក ព្រមទាំង ៣៣% នៅអនុតំបន់សាហារ៉ា នៃទ្វីបអាហ្វ្រិក និង អាស៊ីខាងត្បូង៕

ប្រភព៖ BBC

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង