អាមេរិក នឹង​តេស្ដវ៉ាក់សាំង​ប្រឆាំងវីរុស COVID-19 មួយ​ប្រភេទ​ទៀត ក្នុង​សប្ដាហ៍នេះ

អាមេរិក៖ ក្រុមហ៊ុន​បច្ចកវិទ្យាជីវសាស្ត្រ​នៅ​ទី​ក្រុង Pennsylvania សហរដ្ឋអាមេរិក​ដែល​ទទួល​មូលនិធិពីលោក Bill Gate រៀប​នឹង​ចាប់ផ្ដើមតេស្ដ​វ៉ាក់សាំងប្រឆាំងវីរុស COVID-19 មួយប្រភេទទៀត ​ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​សប្តាហ៍​នេះ​ ក្រោយពី​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​តេស្ដ​សាកល្បងរួច​មក​។​

អ្នក​ស្រាវជ្រាវ​គម្រោង​ បានចាប់ផ្ដើម​ចាក់វ៉ាក់សាំង​លើ​​អ្នកស្ម័គ្រចិត្ត​ដំបូង ​កាលពី​ថ្ងៃ​ទី៦ ខែមេសា។ វ៉ាក់សាំង​សាកល្បង​នេះ ​បង្កើត​ដោយ​ក្រុមហ៊ុន Inovio។ វ៉ាក់សាំង​នេះ ​ជា​វ៉ាក់សាំង​ទី២​ដែល​បាន​ចាប់ផ្ដើម​តេស្ដ​សាកល្បង​ទៅលើ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក។ វ៉ាក់សាំង​ទី១ ​បាន​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​កាល​ពី​ពាក់​កណ្ដាល​ខែមីនា។

សម្រាប់​ការ​តេស្ដ​វ៉ាក់សាំង​លើក​ទី​២​នេះ​ដែរ ក្រុមហ៊ុន​ មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម ​៤០នាក់​ដែល​សុទ្ធ​តែ​មានសុខភាព​ល្អ។ អ្នក​ស្ម័គ្រ​ចិត្ត​នីមួយៗ​ ត្រូវ​ចាក់​វ៉ាក់សាំង​២ដង​ក្នុង​ចន្លោះពេល​៤សប្ដាហ៍។ ក្រុមហ៊ុន Inovio សង្ឃឹមថា​ នឹង​ទទួល​បាន​លទ្ធផល​លឿន​នៅ​ចុង​រដូវក្តៅ​នេះ ហើយ​ប្រសិនជា​លទ្ធផល​នៃ​វ៉ាក់សាំង​ចេញ​មក​វិជ្ជមាន ក្រុមហ៊ុន​ នឹង​ចាប់ផ្តើម​សិក្សា​លម្អិត​ទៅ​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង។

ក្រុមហ៊ុន Inovio ក៏​បាន​បន្ថែម​ទៀត​ថា ​នឹង​បង្កើន​ការ​ផលិត​វ៉ាក់សាំង​ដោយ​មាន​គោលដៅ​រហូតដល់​១លាន​វ៉ាក់សាំង​នៅ​ចុង​ឆ្នាំ​២០២០​ ដែល​អាច​ប្រើ​សម្រាប់​តេស្ដ​សាកល្បង​ ឬប្រើ​ក្នុង​ស្ថានភាព​អាសន្ន៕

You can share this !

Loading...
អត្ថបទទាក់ទង