មន្ត្រី​នគរបាល​ខណ្ឌសែនសុខ​ម្នាក់ បាញ់​សំដៅ​រថយន្តប្រពន្ធ​កំពុង​ជិះ​តាម​ផ្លូវ៤គ្រាប់ ត្រូវ​ប្រពន្ធស្លាប់ និង​កូនស្រី​របួសធ្ងន់

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត និងកូនស្រីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីត្រូវអតីតស្វាមីដែលជាមន្ត្រីនគរបាលខណ្ឌសែនសុខ បាញ់សំដៅរថយន្តកំពុងជិះដឹកគ្នាតាមបណ្តោយផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

បុរសម្នាក់ដែលជាអ្នកបើករថយន្ត បានបញ្ជាក់ថា នៅមុនកើតហេតុនៅម៉ោងប្រមាណ ៨ៈ១០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ រូបលោកបានបើករថយន្ត ដឹកស្ត្រីរងគ្រោះ និងកូនៗរបស់ស្ត្រីរងគ្រោះជាមួយឥវ៉ាន់មួយចំនួន ចេញពីផ្ទះស្ត្រីរងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ ប៉ុន្តែពេលទៅដល់កន្លែងកើតហេតុមុខហាង «នស២រ» តាមផ្លូវ ១៩៨៦ ក៏ត្រូវបុរសជាអតីតស្វាមីជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ ផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ ក៏ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់។ បន្ទាប់មកជនរងគ្រោះ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែស្ត្រីជាប្រពន្ធបានស្លាប់ ខណៈកូនរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីរងគ្រោះ និងអតីតស្វាមីបានលែងលះគ្នាមួយរយៈពេលមកហើយ។ ជនដៃដល់ត្រូវបានគេស្គាល់ថា ឈ្មោះ ជា ចាន់បូរ៉ា ជានគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យ៉ាងនេះក៏ដោយ សមត្ថកិច្ច មិនទាន់បញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការផ្ទុះការបាញ់ប្រហារនេះនៅឡើយទេ ប៉ុន្តែត្រូវបានគេដាក់ការសន្និដ្ឋានជំហ៊ានដំបូងថា ជាករណីភ្លើងប្រច័ណ្ឌ៕

You can share this !

Loading...
អត្ថបទទាក់ទង