នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ផ្អាក​មិនឱ្យ​នាំចេញ​អង្ករ និង​ត្រី​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស

ភ្នំពេញ៖ កាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្អាកមិនឱ្យនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស ហើយអនុញ្ញាតឱ្យនាំចេញតែអង្ករក្រអូបតែប៉ុណ្ណោះ ព្រោះពេលនេះ កម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩។

បន្ថែមពីនេះ កាលពីថ្ងៃទី៤ ខែមេសា សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចេញបញ្ជាឱ្យផ្អាកការនាំត្រីចេញពីប្រទេសថែមទៀត។ ទន្ទឹមនឹងនេះ សម្តេចប្រមុខដឹកនាំ បានបញ្ជាឱ្យអាជ្ញាធរគ្រប់​គ្រងនៅតាមទីផ្សារ មិនឱ្យមានការតម្លើងថ្លៃត្រី និងហាមឃាត់មិនឱ្យនាំត្រីចេញទៅលក់នៅក្រៅប្រទេសឡើយនៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដើម្បីរក្សាទុកសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជា​ពលរដ្ឋក្នុងប្រទេស ។

ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានចាត់ចែងរោងចក្រផលិតមីក្នុងប្រទេសដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋដែលអត់ស្បៀងអាហារ។ ស្របជាមួយគ្នានេះដែរ សម្តេចតេជោ បានត្រៀមរៀបចំឱ្យរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេស ត្រៀមផលិតទឹកស្អាតដប ដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា “ទោះបីយើងមិនទំនើបដូចប្រទេសគេ តែយើងមានវិធានការជាក់ស្តែងច្បាស់លាស់ក្នុងការចាត់ចែងដោះស្រាយបញ្ហា គឺយើងអាចស្រោចស្រង់ដោះស្រាយជូនប្រជាពលរដ្ឋយើងបាន មិនអោយធ្លាក់ទៅក្នុងការភ័យខ្លាចបាត់បង់អស់ក្តីសង្ឃឹមក្នុងជីវិតឡើយ”៕

You can share this !

Loading...
អត្ថបទទាក់ទង