ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេសវីង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លើ​ផ្នែកលក់​សំបុត្រអនឡាញ និង​ការរៀបចំ​វិស្សមកាល​នៅ​កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេនៃធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គ្រោងនឹងវិនិយោគនៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុន Camboticket ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ស៊ី វេនឈ័រ ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបន្ថែមទៀត សម្រាប់ការកក់សំបុត្រអនឡាញ និងការរៀបចំផែនការវិស្សមកាលនៅប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីង និងCamboticket.com។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖“ យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលការវិនិយោគមួយនេះ អាចឱ្យយើងធ្វើបដិវត្តនូវវិធីដែលប្រជាជនកម្ពុជាកក់សំបុត្រធ្វើដំណើរ និងរៀបចំផែនការវិស្សមកាលដោយប្រើប្រព័ន្ធកក់តាមអ៊ិនធឺណេត ដែលធ្វើឱ្យប្រតិបត្តិការនៃការកក់ទាំងមូលមានលក្ខណៈសាមញ្ញ និងមានប្រសិទ្ធភាពសម្រាប់អ្នកធ្វើដំណើរទាំងក្នុងនិងក្រៅប្រទេស។ យើង នឹងជួយជំរុញឌីជីថលនីយកម្មរបស់ប្រទេសកម្ពុជា តាមរយៈការវិនិយោគផ្សេងៗ និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនថ្មីៗ ដូចជា Camboticket ជាដើម ដើម្បីជួយធ្វើឱ្យជីវិតប្រជាជនកម្ពុជា មានភាពងាយស្រួល និងប្រសើរឡើង”។

តាមរយៈកិច្ចព្រមព្រៀងដែលកំពុងរងចាំការអនុញ្ញាតពីអាជ្ញាធរនោះ ដៃគូទាំងពីរ នឹងផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រទៅលើមុខងារសំខាន់ៗជាច្រើន។ លោក Shivam Tripathi នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Camboticket មានប្រសាសន៍ថា៖“ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យយើង បម្រើប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្តល់ជូននូវបទពិសោធន៍នៃការកក់សំបុត្រតាមអ៊ិនធឺណែតសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅផ្សេងៗក្នុងតំបន់។ ការច្នៃប្រឌិតថ្មី គឺជាអ្វីដែលជំរុញទឹកចិត្តពួកយើងនៅ Camboticket ហើយយើងនឹងបន្តការបង្កើតអ្វីថ្មីៗដើម្បីធ្វើឱ្យ Camboticket ក្លាយជាអ្នកផ្តល់សេវាកម្មតែមួយគត់ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្នុងការកក់សំបុត្រឡានក្រុង តាក់ស៊ី កាណូត និងការរៀបចំវិស្សមកាលផ្សេងៗ”។

ដោយត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជានៅដើមឆ្នាំ២០១៥ Camboticket បានរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការលក់សំបុត្រតាមអ៊ិនធឺណែតនៅក្នុងប្រទេសកម្ពុជា និងកំពុងពង្រីកវត្តមានរបស់ខ្លួន ទៅកាន់ប្រទេសវៀតណាម ថៃ និងឡាវ ដោយផ្តល់សេវាកម្មសម្រាប់ការធ្វើដំណើរទៅមកសម្រាប់គោលដៅសំខាន់ៗក្នុងតំបន់ដូចជា៖ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ក្រុងកែប កំពត បាត់ដំបង បាងកក ហូជីមិញ ប៉ាក់សេ និងទីតាំងផ្សេងៗដ៏ទៃទៀត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ “ ខ្ញុំពិតជារីករាយណាស់ដែលបានឃើញក្រុមហ៊ុនទាំងពីរ សម្រេចចិត្តលើភាពជាដៃគូនៅពេលនេះ។ ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) យើងពិតជាមានមោទនភាពចំពោះក្រុមហ៊ុនមេរបស់យើងដែលបានចុះកិច្ចព្រមព្រៀងនេះ ដែលយើងជឿជាក់ថា យើងនឹងមានដំណើររួមគ្នាវែងឆ្ងាយក្នុងការធ្វើឱ្យការកក់សំបុត្រ និងការរៀបចំផែនការវិស្សមកាលកាន់តែងាយស្រួលសម្រាប់ប្រជាជនកម្ពុជា។ Camboticket ក៏ជាដៃគូអាជីវកម្មរបស់វីងផងដែរ។ អតិថិជនវីង បច្ចុប្បន្ន អាចចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង ដើម្បីប្រើប្រាស់សេវាកម្មរបស់ Camboticket ដើម្បីកក់សំបុត្រឡានក្រុង តាក់ស៊ី កាណូត និងរៀបចំវិស្សមកាលក្នុងស្រុកប្រកបដោយសុវត្ថិភាព មានការធានា និងឆាប់រហ័ស”។

ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) និង Camboticket មានចក្ខុវិស័យតែមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបៗ សម្រាប់ការកែលម្អកំរិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ Camboticket គឺជាក្រុមហ៊ុនលក់សំបុត្រធ្វើដំណើរតាមអ៊ិនធឺណេតដែលទទួលបានរង្វាន់ជាច្រើន និងផ្តល់ជូនដំណោះស្រាយ SaaS ដល់អ្នកផ្គត់ផ្គង់ដែលជួយពួកគេក្នុងការគ្រប់គ្រងស្តុករពើភ័ណ្ឌរបស់ពួកគេបន្ថែមទៅលើការបើកការលក់សំបុត្រឯកជន និងការធ្វើផែនការវិស្សមកាល៕

You can share this !

Loading...
អត្ថបទទាក់ទង