បទវិភាគ៖ ហេតុអ្វី​អត្រា​ស្លាប់​ដោយ​កូវីដ១៩ ខុសគ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ?

នៅអាល្លឺម៉ង់ អត្រាអ្នកស្លាប់ដោយវីរុសកូវីដ១៩ មានចំនួនទាប បើធៀបនឹងករណីអ្នកដែលឆ្លង។ អត្រាស្លាប់នេះ ទាបជាងអត្រាស្លាប់នៅអ៊ីតាលី ដែលមានអត្រាស្លាប់ខ្ពស់ ធៀបនឹងករណីអ្នកដែលឆ្លង។ អត្រាស្លាប់នៅអាល្លឺម៉ង់ មាន ០,៤% ខណៈនៅអ៊ីតាលី មានអត្រាស្លាប់ខ្ពស់ជាងអាល្លឺម៉ង់ ២០ដង។

អង្គការសុខភាពពិភពលោក បានឱ្យដឹងថា កត្តាសំខាន់៣ បានធ្វើឱ្យអត្រាស្លាប់មានភាពខុសៗគ្នា ពីប្រទេសមួយទៅប្រទេសមួយ។ ទីមួយ កត្តាអាយុជាមធ្យម ឬពីរ៉ាមីតប្រជាជន នៅតាមប្រទេសនីមួយៗ។ ទី២ គឺកត្តាប្រព័ន្ធសុខាភិបាលរបស់ប្រទេសនីមួយៗ។ និងទី៣ កក្តាចំនួនប្រជាជនដែលទទួលបានការធ្វើតេស្តរកវីរុសកូវីដ១៩ (ប្រទេសមួយចំនួន ធ្វើតេស្តរកកូវីដ១៩ លើសាកសព ដែលសង្ស័យថាស្លាប់ដោយជំងឺនេះផងដែរ)។

កត្តាអាយុជាមធ្យម៖

គេសង្កេតឃើញថា ក្នុងប្រទេសអ៊ីតាលី អ្នកឆ្លងកូវីដ១៩ កើតចំពោះមនុស្សដែលមានអាយុជាមធ្យម ៦៣ឆ្នាំ ខណៈអាល្លឺម៉ង់ មានអ្នកឆ្លងក្នុងអាយុជាមធ្យម ៤៥ឆ្នាំ។ ដោយមនុស្សចាស់មានប្រព័ន្ធការពារទន់ខ្សោយជាងមនុស្សជំទង់ ពួកគាត់ងាយនឹងស្លាប់ជាងមនុស្សជំទង់ ដោយសារវីរុស ងាយនឹងយកឈ្នះលើប្រព័ន្ធភាពស៊ាំរបស់មនុស្សចាស់។

កត្តាពេលវេលានៃការឆ្លងរាតត្បាត៖

ប្រទេសអ៊ីតាលី និងអេស្ប៉ាញ បានផ្ទុះជំងឺកូវីដ១៩ មុនប្រទេសអាល្លឺម៉ង់ ហើយអ្នកជំងឺ នឹងវិវឌ្ឍទៅរកការទ្រុឌទ្រោម និងឈានដល់ការស្លាប់ ដូច្នេះ អត្រាស្លាប់ក្នុងចំណោមអ្នកដែលឆ្លងនៅអ៊ីតាលី និងអេស្ប៉ាញ នឹងអាចកើនឡើងលឿនជាងអាល្លឺម៉ង់។ អ្នកជំនាញមួយចំនួន អះអាងថា ប្រទេសអាល្លឺម៉ង់ មិនទាន់ឈានដល់ចំណុចកំពូលនៃការរាតត្បាតនោះទេ ហើយប្រសិនបើវាកើតឡើង អត្រាស្លាប់អាចនឹងកើនឡើងផងដែរ។

ប្រព័ន្ធសុខាភិបាល៖

ការត្រៀមខ្លួនដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺ របស់ប្រទេសនីមួយៗ បានរួមចំណែកក្នុងការទប់ស្កាត់អត្រាស្លាប់ និងឆ្លង។ ប្រទេសនីមួយៗ អាចនឹងត្រៀមម៉ាស៊ីនជំនួយដល់ការដង្ហើម ឬមន្ទីរពេទ្យ និងគ្រែគ្រប់គ្រាន់ សម្រាប់អ្នកជំងឺកូវីដ១៩ មុននឹងមានការរាតត្បាតខ្លាំង។ ទាក់ទងនឹងកត្តានេះ គេសង្កេតឃើញពីភាពខុសគ្នារវាងអាល្លឺម៉ង់ និងអ៊ីតាលី។ អ៊ីតាលី មានប្រជាជនសរុបប្រហែល ៦០លាននាក់ ខណៈរដ្ឋាភិបាលបានត្រៀមគ្រែសម្រាប់អ្នកជំងឺ ៥០០០គ្រែប៉ុណ្ណោះ។ រីឯ អាល្លឺម៉ង់ ដែលមានប្រជាជនប្រហែល ៨០លាននាក់ បានត្រៀមគ្រែប្រហែល ២៨០០០គ្រែ សម្រាប់អ្នកជំងឺ។

របាយការណ៍បានឱ្យដឹងថា អាល្លឺម៉ង់ មានគ្រែចំនួន ២៩ ក្នុងចំណោមមនុស្ស ១សែននាក់។ អាមេរិក មានគ្រែ ៣៤ ក្នុងចំណោមមនុស្ស ១សែននាក់។ ចំណែក អ៊ីតាលី មានគ្រែតែ ១២ ក្នុងចំណោមមនុស្ស ១សែននាក់ ខណៈអេស្ប៉ាញ មានគ្រែតែ ១០ ក្នុងចំណោមមនុស្ស ១សែននាក់។

សម្រាប់កូរ៉េខាងត្បូង របាយការណ៍រកឃើញថា មានគ្រែចំនួន ១១ ក្នុងចំណោមមនុស្ស ១សែននាក់។ ប៉ុន្តែប្រទេសនេះ បានទប់មិនឱ្យមានការឆ្លងកូវីដ១៩ឆាប់រហ័ស ដោយវិធានការដាក់ឱ្យនៅឯកោ និងការធ្វើតេស្តទ្រង់ទ្រាយធំ។ ប្រទេសនេះ មានអ្នកឆ្លងតែប្រមាណ ១ម៉ឺនករណីប៉ុណ្ណោះ។ ធៀបនឹងកូរ៉េខាងត្បូង ប្រទេសអ៊ីតាលី មានច្រើនជាង ៨ដង និងអេស្ប៉ាញមានច្រើនជាង ៦ដង៕

You can share this !

Loading...
អត្ថបទទាក់ទង