សាលារាជធានីភ្នំពេញ ប្រកាស​ផ្អាក​សេវា​រថយន្ដ​ក្រុង​សាធារណៈ និង​កាណូត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ កូវីដ១៩

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានប្រកាសផ្អាកការផ្ដល់សេវារថយន្ដក្រុងសាធារណៈ និងសេវាកាណូតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ នៅក្នុង ប្រទេសកម្ពុជា។

បើតាមសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លង និងការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុង និងសេវាកាណូត ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ស្ថានការណ៍ នៃមេរោគកូវីដ១៩ បានធូរស្បើយ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏សង្ឃឹមដែរថា សាធារណជន និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្ដក្រុង និងសេវាកាណូត យោគយល់អធ្យាស្រ័យ និងចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នេះទាំងអស់គ្នា។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងមេរោគកូវីដ១៩
ចំនួន ៩៦នាក់ ក្នុងនោះ មានខ្មែរ ៣៨នាក់ និងក្រៅពីនោះ ជាជនបរទេស ព្រមទាំងបានព្យាបាលជាសះស្បើយ ចំនួន ១០នាក់៕

You can share this !

Loading...
អត្ថបទទាក់ទង