អ្នកទោស​ជិត ៤០០នាក់ អាច​នឹង​ត្រូវ​លើកលែង​ទោស​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​ជាតិ​ខាង​មុខ​នេះ

ភ្នំពេញ÷ គណៈកម្មការជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែង ទោសនៃក្រសួងយុត្តិធម៌ កំពុងពិនិត្យបញ្ជីឈ្មោះទណ្ឌិតជិត ៤០០នាក់ សម្រាប់ស្នើសុំក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ នេះបើយោងតាមសារព័ត៌ មានក្នុងស្រុក ដកស្រង់សម្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឱ្យសារព័ត៌មានដឹងថា ទណ្ឌិតដែលទទួលបានលើកលែង និងបន្ធូរបន្ថយទោស គឺផ្អែកលើលក្ខខណ្ឌដែលតម្រូវដោយច្បាប់ គួបផ្សំនឹងគោល ការណ៍មនុស្សធម៌ ជាពិសេស ជនងាយរងគ្រោះ ដូចជាស្ត្រី កុមារ ជនចាស់ជរា និងជនមានជំងឺជាដើម។

លោក ជិន ម៉ាលីន បន្តទៀតថា ក្នុងចំណោមទណ្ឌិតជិត ៤០០នាក់នេះ អាចនឹងប្រែប្រួល ឬថយចុះ ខណៈប្រមុខរាជរដ្ឋាភិបាលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកសម្រេចចុងក្រោយ មុននឹងសម្រេចទូលថ្វាយព្រះមហាក្សត្រ។

គណៈកម្មការរាជធានី-ខេត្ត ដែលក្នុងនោះ មានពន្ធនាគារចំនួន ២២ និងគណៈកម្មការក្រសួងមហាផ្ទៃដែលមានមណ្ឌលអប់រំកែប្រែចំនួន៤ បានបញ្ជូនសំណើអនុគ្រោះទោសដល់ទណ្ឌិតចំនួន ៣៩៩នាក់ ក្នុងនោះ មានទណ្ឌិតជាស្ត្រីចំនួន ៤៣នាក់ ផ្ដល់ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ដែលជាប្រធានគណៈកម្មការជាតិធ្វើការពិនិត្យ និងវាយតម្លៃ។ ជាគោលការណ៍ទណ្ឌិតក្នុងករណីបទល្មើសគ្រឿងញៀន និងបទល្មើសដែលមានភាពសាហាវឃោរឃៅព្រៃផ្សៃ គឺគណៈកម្មការ មិនបានយកមកពិនិត្យផ្ដល់ភាពអនុគ្រោះនោះឡើយ៕

You can share this !

Loading...
អត្ថបទទាក់ទង