រដ្ឋាភិបាល លើក​លែង​ពន្ធលើ​ប្រាក់ចំណូល​សម្រាប់​ឆ្នាំ២០២០ ដល់​សហគ្រាស​ឧស្សាហកម្មផ្នែក​វាយនភណ្ឌ​កាត់ដេរ ដែល​រង​ផល​ប៉ះពាល់​ពី​ការព្យួរ EBA

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកំណត់នូវវិធានការពន្ធដារ ក្នុងការផ្ដល់នូវការអនុគ្រោះពន្ធលើប្រាក់ចំណូលចំពោះសហគ្រាសវាយនភណ្ឌ ផលិតសម្លៀកបំពាក់ ផលិតស្បែកជើង កាបូបយួរ  កាបូបដៃ និងផលិតមួក ដែលរងផលប៉ះពាល់បណ្ដាលមកពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA)។

តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានឱ្យដឹងថា សហគ្រាសវាយនភណ្ឌ ផលិតសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតកាបូបយួរ កាបូបដៃ និងផលិតមួក ត្រូវបានទទួលការអនុគ្រោះពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំជាប់ពន្ធ ២០២០ ផ្អែកលើកម្រិតនៃផលប៉ះពាល់ដូចខាងក្រោម៖

១)លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៦ ខែសម្រាប់រោងចក្រ សហគ្រាស ដែលរងផលប៉ះពាល់កម្រិតពី ២០ ទៅ ៣៩ភាគរយ ដោយលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៥០ភាគរយ នៃប្រាក់ពន្ធត្រូវបង់សរុប។

២)លើកលែងលើប្រាក់ចំណូលរយៈពេល ១ឆ្នាំ សម្រាប់រោងចក្រ សហគ្រាស ដែលរងផលប៉ះពាល់កម្រិតពី ៤០ ទៅ ១០០ភាគរយ ដោយលើកលែងការបង់ពន្ធលើប្រាក់ចំណូល ១០០ភាគរយ នៃប្រាក់ពន្ធត្រូវបង់សរុប។

ដើម្បីទទួលបានការលើកកន្លែងពន្ធលើប្រាក់ចំណូលនេះ សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរទាំងអស់ ត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធនូវឯកសារបញ្ជាក់អំពីទំហំនៃផលប៉ះពាល់ជាក់ស្ដែងពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ក្នុងកំឡុងពេលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។

ពាក់ព័ន្ធនឹងផលប៉ះពាល់នៃ EBA នេះ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ធ្លាប់បានអះអាងផងដែរកាលពីពេលថ្មីៗនេះថា សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលកាត់ EBA ២០ភារយនេះ នឹងធ្វើឱ្យមានភាពក្រីក្រកាន់តែខ្លាំងឡើងក្នុងប្រទេសកម្ពុជា ហើយនឹងធ្វើឱ្យកាន់តែលំបាកក្នុងការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ សម្រាប់កម្មករ-កម្មការិនី។

ការផ្តល់ការងារនៅក្នុងវិស័យទាំងនេះ ដែលគាំទ្រដោយកម្មវិធីអនុគ្រោះពន្ធ EBA មានចំនួនលើសពី ៧,៥សែននាក់ នាពេលបច្ចុប្បន្ន ហើយបានរួមចំណែកដល់ការទាញប្រជាជនកម្ពុជារាប់លាននាក់ ចេញពីភាពក្រីក្រ។

GMAC បានបញ្ជាក់ទៀតថា វិស័យដែលទទួលបានអត្ថប្រយោជន៍សំខាន់ៗពីកម្មវិធីអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប គឺវិស័យកាត់ដេរ និងផលិតផលធ្វើដំណើរ ដែលមានចំនួនប្រមាណ ៧៥ភាគរយ នៃការនាំចេញទំនិញសរុបរបស់កម្ពុជា។ ក្នុងនោះ ៩០ភាគរយ ត្រូវបាននាំចេញទៅសហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតសម្រាប់ទំនិញ ផលិតដោយបណ្តារោងចក្រនានាតំណាងដោយសមាគមរោងចក្រកាត់ដែរនៅកម្ពុជា៕

You can share this !

Loading...
អត្ថបទទាក់ទង