កញ្ចប់​ថវិកា​២ទ្រីលានដុល្លារ​សម្រាប់​ប្រយុទ្ធ​នឹង​កូវីដ១៩ អនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក

វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមេរិក បានអនុម័តលើសំណើកញ្ចប់ថវិកាប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានទំហំទឹកប្រាក់ច្រើនបំផុតមិនធ្លាប់មាន នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ នេះជាការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ។

កញ្ចប់ថវិកានេះ មានទឹកប្រាក់ស្មើនឹង ២ទ្រីលានដុល្លារអាមេរិក (២ ០០០ ០០០ ០០០ ០០០ ដុល្លារ) ដើម្បីជួយដល់ប្រជាពលរដ្ឋអាមេរិក មន្ទីរពេទ្យ និងសេដ្ឋកិច្ច ដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិវីរុសកូវីដ១៩។

កញ្ចប់ថវិកា ដែលមានទំហំច្រើនសន្ធឹកសន្ធាប់នេះ នឹងប្រើប្រាស់សម្រាប់ការចំណាយរបស់ប្រជាពលរដ្ឋអាមេរិក ដែលត្រូវបង់ពន្ធ និងរាប់ពាន់លានដុល្លារទៀត សម្រាប់ផ្ដល់ជូននិងផ្ដល់ជាកម្ចីដល់អាជីវកម្មខ្នាតធំ និងឧស្សាហកម្មដែលជាស្នូល នៅក្នុងសហរដ្ឋអាមេរិក។ ទឹកប្រាក់ទាំងនេះ ក៏ជួយដល់មន្ទីរពេទ្យដែលមានកង្វះឧបករណ៍ បរិក្ខារពេទ្យ និងដំឡើងប្រាក់ឧបត្ថម្ភសម្រាប់អ្នកអត់ការងារធ្វើ។

កញ្ចប់ថវិកា ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិក ដោយមានសំឡេងគាំទ្រភាគច្រើន នឹងត្រូវលើកទៅពិភាក្សានៅក្នុងសភាតំណាងរាស្ត្រអាមេរិក និងធ្វើការបោះឆ្នោត នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។ បើអនុម័ត សំណើនេះ នឹងបន្តបញ្ជូនទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខា។

សូមជម្រាបថា យោងតាមរបាយការណ៍ Worldometers គិតមកទល់ពេលនេះ អាមេរិក មានអ្នកស្លាប់ជាង ១០០០នាក់ និងឆ្លងជិត ៧០០០០នាក់ ដោយសារវីរុសកូវីដ១៩៕

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង