រដ្ឋសភា អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល ឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អុិនវេសម៉ិន ឯ.ក​សម្រាប់​គម្រោង​វិនិយោគ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព ៧០០មេហ្គាវ៉ាត់ នៅ​ខេត្តកោះកុង

ភ្នំពេញ÷ នៅវិមានរដ្ឋសភាជាតិ នាថ្ងៃទី២៦ខែមីនាឆ្នាំ ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញ ដែលមានសមាជិកសមាជិការដ្ឋសភា ចូលរួមប្រជុំចំនួន១០៩រូប ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ៣។

ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន ឯ.កសម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង ត្រូវបានសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ អនុម័តដោយសម្លេងគាំទ្រ ១០៩ លើ១០៩សម្លេង នៃវត្តមានសមា ជិករដ្ឋសភា ក្នុងសម័យប្រជុំជាវិសាមញ្ញនៅថ្ងៃនេះ។

លោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការទី២ រដ្ឋសភា មានប្រសាសន៏បញ្ជាក់ថា តាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានស្នើសុំឱ្យរដ្ឋសភា កោះប្រជុំជាវិសាមញ្ញដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រ អគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត នៅ់ខេត្តកោះកុង នាពេលនេះ។

លោកបណ្ឌិត ជាម យៀប មានប្រសាសន៍បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជម្រុញវិស័យថាមពលអគ្គិសនីប្រើដោយប្រេងខ្មៅ, ថាមពលអគ្គិសនី ប្រើដោយវារីអគ្គិសនី, ដើរដោយខ្យល់ និងថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីបំពេញតម្រូវការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ និងមានថាមពលអគ្គិសនី ឱ្យប្រជាជននិងអ្នកវិនិយោគទុនប្រើប្រាស់គ្រប់តម្រូវការ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល តំណាងរាជរដ្ឋាភិបាល បានបញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍនៅគ្រប់ទិសទី និងលើគ្រប់វិស័យ។ ក្នុងនោះ វិស័យថាមពល ក៏ត្រូវបានអភិវឌ្ឍន៍ក្នុងសន្ទុះយ៉ាងលឿន និងបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការទ្រទ្រង់ការអភិវឌ្ឍគ្រប់វិស័យ។

លោក ស៊ុយ សែម ថា តម្រូវការប្រើប្រាស់អគ្គិសនី បន្តស្ថិតក្នុងអត្រាកំណើនខ្ពស់ ដើរស្របនឹងចក្ខុវិស័យដ៏ មានមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការជម្រុញផ្គត់ ផ្គង់អគ្គិសនី ឱ្យបានគ្របដណ្តប់គ្រប់ភូមិក្នុងឆ្នាំ២០២០ ដោយតម្លៃសមរម្យ និងតម្លៃឯកភាពទូទាំងប្រទេស។
ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្តនូវនយោបាយបញ្ចុះតម្លៃលក់អគ្គិសនី ដើម្បី
ជម្រុញកំណើនសេដ្ឋកិច្ច សមធម៌សង្គម និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

លោក រដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាល នឹងបញ្ចប់នូវគម្រោងតបណ្តាញអគ្គិសនីគ្រប់ភូមិនៅទូទាំងប្រទេស និងបញ្ចប់នាពេលខាងមុខ ពីព្រោះបច្ចុប្បន្នការតបណ្តាញដល់គ្រប់ភូមិទូទាំងប្រទេសអនុវត្ត៩៧%ហើយ។

សូមបញ្ជាក់ថា បើយោងតាមសេចក្ដីប្រកាសចេញពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងមកនេះ មានគម្រោងវិនិយោគថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ចំនួន ២នេះ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តកោះកុង។
គម្រោងទី១ គឺគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន HAN SENG COAL MINES ស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ គម្រោងនេះគ្រោងនឹងបញ្ចេញថាមពល ក្នុងឆ្នាំ២០២២។ ដោយឡែកគម្រោងទី២ គឺគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០ មេហ្គាវ៉ាត់ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ROYAL GROUP និង SINOSTEEL EQUIPMENT & ENGINEERING មកពីប្រទេសចិន ហើយរោងចក្រនេះ គឺស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ហើយគ្រោងបញ្ចេញថាមពល នៅឆ្នាំ២០២៤៕

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង