បទវិភាគ៖ មេរៀន​របស់​ប្រទេស​មួយ​នៅ​អាហ្វ្រិក ផ្ដល់​បទពិសោធន៍​ក្នុង​ការ​បង្ការ​វីរុស​កូវីដ១៩

មកទល់រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ជំងឺរាតត្បាតកូវីដ១៩ (COVID-19) បានឆ្លងទៅលើមនុស្សចំនួនជាង ៤២ម៉ឺននាក់ និងសម្លាប់ជាង ១៨៩០០នាក់ ខណៈអ្នកជំងឺដែលបានជាសះស្បើយ មានប្រមាណជិត ១១ម៉ឺននាក់ នេះបើយោងតាមរបាយការណ៍ពី Worldometers ។

ប្រទេសអ៊ីតាលី ត្រូវបានរាយការណ៍ថា មានអ្នកស្លាប់ ៦៨២០នាក់ និងឆ្លងជិត ៧ម៉ឺននាក់ ខណៈសហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់ ៧៨៤នាក់ និងឆ្លងជាង ៥៤០០០ នាក់។ អេស្ប៉ាញ រកឃើញអ្នកដែលវិជ្ជមានកូវីដ១៩ ចំនួនជាង ៤២០០០នាក់ និងស្លាប់ជិត ៣០០០នាក់។

ប្រទេស ដែលត្រូវបានចាត់ទុកជាប្រទេសដែលមានប្រព័ន្ធសុខាភិបាលដែលគុណភាពខ្ពស់ជឿនលឿន ក្នុងការព្យាបាលអ្នកជំងឺទាំងនេះ បែរជាមានអ្នកស្លាប់ច្រើននឹកស្មានពុំដល់។ បញ្ហាកូវីដ១៩ បានបង្ហាញថា ប្រទេសដែលមានប្រព័ន្ធសុខាភិបាលជឿនលឿនទាំងនេះ ហាក់មានការធ្វេសប្រហែសក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ មុននឹងជំងឺនេះ មិនទាន់រាតត្បាតខ្លាំងក្លានៅឡើយ។

យ៉ាងណាមិញ គេអាចសិក្សាពីប្រទេសមួយនៅទ្វីបអាហ្វ្រិក ដែលបានរាយការណ៍ពីករណីអ្នកផ្ទុកវីរុសកូវីដ១៩ ជាលើកដំបូង កាលពីជិត២ខែមុន និងមានប្រជាជនសរុបប្រមាណជាង ១០០លាននាក់ នោះគឺប្រទេស នីហ្សេរីយ៉ា ។ ប្រទេសនេះ បានរកឃើញករណីឆ្លងចំនួន ៤៤ករណី និងស្លាប់ ១ករណីប៉ុណ្ណោះ។

អ្នកវិភាគ បានអះអាងថា ប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសក្នុងតំបន់ត្រូពិក បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធនឹងជំងឺឆ្លងនានា ដោយបានបង្កើតប្រព័ន្ធឆ្លើយតប និងគ្រប់គ្រងការផ្ទុះឡើងនៃជំងឺដែលកើតមានជារឿយៗ និងមានលក្ខណៈទ្រង់ទ្រាយតូច។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនីហ្សេរីយ៉ា បានវិនិយោគនៅក្នុងការត្រៀមខ្លួនដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត តាំងពី៣ឆ្នាំមុន និងបានជួយក្នុងការសាងសង់មជ្ឈមណ្ឌលប្រតិកម្មរហ័សផ្នែកសុខភាពសាធារណៈ នៅក្នុងរដ្ឋចំនួន ២៣ ក្នុងចំណោមរដ្ឋទាំង៣៦ នៃប្រទេសនីហ្សេរីយ៉ា។ មជ្ឈមណ្ឌលប្រតិកម្មរហ័សផ្នែកសុខភាពសាធារណៈនីហ្សេរីយ៉ា បានជួយដល់ប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរក ការពារ តាមដាន និងឆ្លើយតបនឹងជំងឺឆ្លង ដែលបានកើតឡើងភ្លាមៗ។ ជាក់ស្ដែង បទពិសោធន៍ក្នុងការគ្រប់គ្រងមិនឱ្យមានការឆ្លងរីករាលនៃជំងឺអ៊ីបូឡា (Ebola) បានជួយឱ្យប្រទេសនេះ ត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ការផ្ទុះឡើងនៃវីរុសជំងឺកូវីដ១៩។

ការត្រៀមឆ្លើយតប តម្លាភាព និងការរៀបចំមន្ទីរធ្វើតេស្ត ដែលមាននៅនីហ្សេរីយ៉ា គឺជាមេរៀនដែលបណ្ដាប្រទេសមួយចំនួន មិនបានយកចិត្តទុកដាក់ ទើបបណ្ដាលឱ្យវីរុសកូវីដ១៩ រាតត្បាតយ៉ាងខ្លាំង។ មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំងមើលសុខភាពនីហ្សេរីយ៉ា បានបង្ហាញពីចន្លោះខ្វះខាតនេះ នៅឯសហរដ្ឋអាមេរិក។

បទពិសោធន៍ក្នុងការទប់ទល់នឹងការផ្ទុះឡើងនៃជំងឺរាតត្បាតផ្សេងៗ បានជួយឱ្យនីហ្សេរីយ៉ា មានបច្ចេកទេសគ្រប់គ្រាន់ដើម្បីគ្រប់គ្រង និងការពារ ប្រឆាំងនឹងជំងឺឆ្លង។ ប៉ុន្តែ ក៏នៅតែមានការលើកឡើងពីបញ្ហាធាតុអាកាសនៅតំបន់ត្រូពិក ដែលបានដើរតួយ៉ាងសំខាន់ នៅក្នុងការជួយទប់ស្កាត់វីរុសកូវីដ១៩ផងដែរ។

សម្រាប់នីហ្សេរីយ៉ា ភាពអវិជ្ជមានអំឡុងពេលប្រយុទ្ធនឹងជំងឺផ្សេងៗ គឺបញ្ហាការដឹកជញ្ជូន ដែលមិនទាន់មានភាពល្អប្រសើរនៅឡើយ។ តួយ៉ាង រថយន្តក្រុងសាធារណៈ តែងតែមានមនុស្សប្រជ្រៀតគ្នា ដែលបង្កការលំបាកសម្រាប់វិធានការ រក្សាគម្លាតពីគ្នា អំឡុងពេលដែលអាចកើតមានជំងឺរាតត្បាតឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ បញ្ហាមួយទៀត គឺការយឺតយ៉ាវក្នុងការបើកប្រាក់បៀវត្សរ៍ សម្រាប់ក្រុមគ្រូពេទ្យ ដែលធ្វើឱ្យមានការតវ៉ា មិនចូលធ្វើការ ពេលប្រទេសនេះ រកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៣នាក់។ ក្រុមគ្រូពេទ្យ មិនមានការស្ម័គ្រចិត្តជួយដល់ការប្រយុទ្ធនឹងជំងឺកូវីដ១៩ឡើយ ដោយសារតែគិតថា រដ្ឋាភិបាលមិន បានគិតគូរដោះស្រាយបញ្ហាប្រាក់ខែឱ្យពួកគេ៕

You can share this !

Loading...
អត្ថបទទាក់ទង