ប្រទះ​ឃើញ​គ្រាប់​មីនតោន ៣គ្រាប់ នៅ​ច្រាំង​ទន្លេសាប ក្នុង​ខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ គ្រាប់មីនតោន ដែលបន្សល់ទុកតាំងពីជំនាន់សង្គ្រាមចំនួន ៣គ្រាប់ ត្រូវបានប្រជានេសាទប្រទះឃើញផុសឡើង នៅមាត់ទឹកទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ហើយរាយការណ៍ទៅមន្រ្តីស៊ីម៉ាក់។

នគរបាល បានឱ្យដឹងថា មានអ្នកនេសាទជាជនជាតិខ្មែរអ៊ិស្លាម បានចូលទូកឈប់ចតនៅក្បែរច្រាំងទន្លេសាប ក៏បានប្រទះឃើញ គ្រាប់មីនតោន ខណៈដែលទឹករលក់បោកបក់ និងទឹកស្រកផុត។ បន្ទាប់ពីប្រទះឃើញគ្រាប់ ក៏បានរាយការណ៍ប្រាប់នគរបាល និងអាជ្ញាធរនាំ គ្នាបង្គោលចំណាំ និងរាយការណ៍ទៅមន្រ្តីស៊ីម៉ាក់ ដើម្បីចុះទៅយក។

បើតាមសមត្ថកិច្ច គ្រាប់មីនតោននោះ ត្រូវបានគេដឹងថា ជាប្រភេទគ្រាប់ប្រឆាំងរថគ្រោះ កាលពីសម័យសង្គ្រាម នៅមានគុណភាពល្អ តែច្រេះបន្តិចបន្តួចតែប៉ុណ្ណោះ។

ក្រោយទទួលបានសេចក្តីរាយការណ៍ មន្រ្តីស៊ីម៉ាក ចំនួន២នាក់ បានចុះទៅកាយយកគ្រាប់នោះ ដាក់ក្នុងរថយន្ត ដើម្បីយកទៅកម្ទេចចោល។

យោងតាមមន្រ្តីស៊ីម៉ាក បានឱ្យដឹងថា គ្រាប់នោះ ម៉ាក TM46 ចំនួន២គ្រាប់ និងម៉ាក TNM46 មួយគ្រាប់  ផលិតនៅអតីតសហភាពសូវៀត។ គ្រាប់នោះ សន្សល់ទុកតាំងពីជំនាន់សង្គ្រាមលន់ណុលមកម្ល៉េះ។

តាមព័ត៌មានឱ្យដឹងថា កន្លងមក មានប្រជាពលរដ្ឋខ្មែរអ៊ិស្លាម ដែលជាអ្នកនេសាទ បានប្រទះឃើញ គ្រាប់មីនតោន នៅចំណុចនោះជាច្រើនគ្រាប់មកហើយ បន្ទាប់ពីរដូវវស្សាទឹកឡើងបាក់ច្រាំង ហើយនៅពេលទឹកស្រកវិញ ទឹករលក់បោកបក់ បានផុសឡើងនូវកំណប់គ្រាប់មីនតោនតែម្តង៕

ដោយ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង