វីង ផ្តល់​ជូន​នូវ​ការ​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃ ដើម្បី​គាំទ្រ​ដល់​អតិថិជន​ក្នុង​អំឡុង​ពេល​នៃ​ការរីក​រាលដាល​នៃ Covid-19

ភ្នំពេញ៖ ខណៈដែលកម្ពុជា កំពុងរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងការផ្ទុះនៃវីរុស COVID-19, ធនាគារឯកទេស វីង (ខេមប៊ូឌា) លីមីធីត សូមសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស បុគ្គលិកសុខាភិបាល ក៏ដូចជាអ្នករាល់គ្នា ដែលបានរួមចំណែកយ៉ាងសកម្ម នូវការការពារនូវសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ហើយប្រឹងប្រែងអស់លទ្ធភាពដើម្បីរក្សានូវភាពរីកចម្រើននៃខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូល។

ដើម្បីជាការជួយប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះនៃវីរុស COVID-19  ប្រកប​ដោយប្រសិទ្ធភាព ធនាគារឯកទេស វីង ប្រកាសថា ប្រជាជនកម្ពុជាគ្រប់រូប អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយឥតគិតថ្លៃ តាមរយៈកម្មវិធីស្មាតហ្វូនវីង ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០តទៅ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសា​សន៍បញ្ជាក់ថា “សុខភាព និងសុវត្ថិភាពសហគមន៍ គឺជាអាទិភាពមួយរបស់យើង ដែលចាំបាច់ត្រូវគិតគូរ”។

លោក បន្តថា “នៅពេលដែលកម្ពុជាជួបនូវស្ថានការណ៍ការផ្ទុះនៃវីរុស COVID-19 ធនាគារឯកទេស វីង បានចាត់វិធានការ និងគោលការណ៏ផ្សេងៗដើម្បីធានាថា សហគមន៍របស់យើងមានសុវត្ថិភាព។ យើងសង្ឃឹមថា សេវាកម្មមិនគិតថ្លៃ ជួយអតិថិជនវីងរាប់លាននាក់ ផ្ទេរប្រាក់ទៅឱ្យ មនុស្សជាទីស្រលាញ់របស់ពួកគេ ក្នុងពេលមានវិបត្តិនេះ”។

គូសបញ្ជាក់ថា ក្រៅពីការជួយចំពោះប្រជាជនកម្ពុជាគ្រប់រូប អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយឥតគិតថ្លៃតាមរយៈកម្មវិធីស្មាតហ្វូនវីង ធនាគារឯកទេស វីង (ខេមប៊ូឌា) លីមីតធីត ក៏បានបរិច្ចាគទឹកប្រាក់ចំនួន ៥០០០ដុល្លារដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រកបការងារ និងសិក្សានៅកូរ៉េខាងត្បូង តាមរយៈស្ថានទូតកម្ពុជា ដើម្បីទិញម៉ាស់ និងទឹកលាងដៃក្នុងការការពារខ្លួនពីការីករាលដាលនៃមេរោគ Covid-19៕

ដោយ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង