អុីរ៉ង់ មិនព្រម​ទទួល​យក​ជំនួយ​ពី​បរទេស ដើម្បី​ប្រយុទ្ធ​នឹង​កូវីដ១៩ ទោះ​អ្នក​ស្លាប់​ជិត​២០០០នាក់​ក៏ដោយ

តេហេរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានថ្លែងនៅថ្ងៃអង្គារ ទី២៤ ខែមីនា ថា ប្រទេសអ៊ីរ៉ង់ មិនទទួលយកជំនួយពីបរទេស ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ឡើយ បន្ទាប់ពីមូលនិធិសប្បុរសធម៌មួយដែលមានប្រភពក្នុងប្រទេសបារាំង មានបំណងផ្ដល់ជំនួយជាបរិក្ខារពេទ្យដល់អ៊ីរ៉ង់។

គិតត្រឹមថ្ងៃពុធ ទី២៥ ខែមីនា ប្រទេសអ៊ីរ៉ង់ មានចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ សរុបចំនួន ១៩៣៤នាក់ និងឆ្លងជាង ២៤០០០នាក់។

លោក Alireza Vahabzadeh ទីប្រឹក្សារបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា៖ "ដោយការបម្លាស់ទីរបស់អ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងវីរុសនេះ និងការប្រើប្រាស់យ៉ាងពេញលេញនូវសមត្ថភាពផ្នែកសុខាភិបាល នៃកងកម្លាំងប្រដាប់អាវុធរបស់យើង វាមិនមែនជារឿងចាំបាច់នោះទេនៅពេលនេះ នៅក្នុងការដំឡើងគ្រែក្នុងមន្ទីរពេទ្យ ដោយកម្លាំងបរទេស ហើយវត្តមានរបស់ពួកគេ ត្រូវបានបដិសេធ"។

គួរបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិតគ្មានព្រំដែន ហៅកាត់ MSF ដែលមានប្រភពនៅក្នុងប្រទេសបារាំង បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនមានបំណងបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្ររបស់ខ្លួនចំនួន ៩នាក់ ដើម្បីជួយក្នុងការដំឡើងមន្ទីរពេទ្យមួយដែលអាចដាក់គ្រែសម្រាប់អ្នកជំងឺបាន ៥០គ្រែ។ ផ្ទុយទៅវិញ បំណងនេះ ត្រូវបានច្រានចោលពីអ៊ីរ៉ង់ ហើយបានចោទប្រកាន់ថា ក្រុម MSF មានចេតនាធ្វើចារកម្ម នៅក្នុងប្រទេសអ៊ីរ៉ង់៕

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង