ទោះ​បី​ផ្ទុះ​ឡើង​វីរុស​កូវីដ១៩ក៏​ដោយ ក៏​សកម្មភាព​កាប់ឈើ​ខុសច្បាប់​នៅ​តែ​មាន

ពោធិ៍សាត់៖ ទោះបីផ្ទុះឡើងវីរុស កូវីដ១៩ (Covid-19) ក៏ដោយ ក៏សកម្មភាពកាប់ឈើខុសច្បាប់នៅតែបន្តមាន ខណៈមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តព្រៃ កំពុងបន្តប្រយុទ្ធប្រឆាំងនឹងសកម្មភាពកាប់ឈើខុសច្បាប់ដោយឥតឈប់ឈរ ដើម្បីការពារតំបន់ព្រៃទឹកភ្លៀងដ៏ធំជាងគេចុងក្រោយក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

អង្គការសម្ព័ន្ធមិត្តព្រៃ បានឱ្យដឹងថា កាលពីសប្តាហ៍មុន ក្រុមមន្ត្រីឧទ្យានុរក្ស បានធ្វើរបាយការណ៍ស្តីពីលទ្ធផលប្រយុទ្ធប្រឆាំងរបស់ពួកគាត់ ដើម្បីការពារតំបន់ព្រៃទឹកភ្លៀងជួរភ្នំក្រវាញខាងត្បូង លើទំហំដី ១,៥លានហិចតា។ របាយការណ៍ទាំងនោះ មានជាច្រើនដូចជា បានដកហូតឈើខុសច្បាប់បានទំហំ ៧៣,ម៉ែត្រគូប (២៥៩៦ ហ្វីតគូប) និងឈើហ៊ុប១៥ដុំ, ដកហូតរថយន្តបានចំនួន ៨គ្រឿង, រណារយន្តចំនួន ៣២គ្រឿង, សត្វបក្សី បានចំនួន ៣៦ក្បាល, ម៉ូតូបានចំនួន ៤គ្រឿង, ឃាត់ខ្លួនជនល្មើស ២នាក់។

ក្រៅពីនោះ មានករណីទន្ទ្រានយកដីចំនួន ២ករណី ដោយដកហូតរថយន្ត Minivans បានចំនួន ១គ្រឿង, ដកហូតសំណាញ់ចាប់បក្សីបានចំនួន២, អន្ទាក់បានចំនួន ១០អន្ទាក់, ឧបករណ៍អគ្គិសនីសម្រាប់នេសាទត្រីបានចំនួន ១គ្រឿង និងត្រាក់ទ័រតូចបានចំនួន ៣គ្រឿង។

លើសពីនេះ មានករណីភ្លើងឆេះព្រៃ ១កន្លែង តែត្រូវបានពន្លត់, ដកហូតរទេះគោបានចំនួន ៧គ្រឿង, រឹបអូសជំរុំខុសច្បាប់បានចំនួន៥, ដកហូតកាំច្នៃបានចំនួន ៣ដើម, ធ្យូងបានទម្ងន់ ៣តោន, គោយន្តបានចំនួន ១គ្រឿង, រឹបអូសរោងដោល/ផ្ទះខុសច្បាប់ចំនួន ១២កន្លែង, ឧបករណ៍ឆក់ត្រីខុសច្បាប់បានចំនួន១គ្រឿង, បំណែករបស់សត្វអណ្តើកចំនួន ៥ និងសាច់ប្រើសទម្ងន់២,៥គីឡូក្រាមផងដែរ៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង