កម្មករ​រោងចក្រ ឃែនធើរេន ផ្ទុះ​ការ​តវ៉ា ក្រោយ​ថៅកែ​បើកប្រាក់ឈ្នួល​មិនគ្រប់

ភ្នំពេញ៖  កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរ ឃែនធើរេន ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង បាននាំគ្នាធ្វើកូដកម្ម មិនព្រមធ្វើការ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ដោយសារតែក្រុមហ៊ុនមានចេតនាពន្យារពេល និងបើកប្រាក់ឈ្នួលមិនគ្រប់ជូនកម្មករ។ នេះបើតាមការឱ្យដឹងពីលោក ប៉ាវ ស៊ីណា  ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ។

ដោយដកស្រង់ប្រភពពីកម្មការិនីដែលបម្រើការងារនៅរោងចក្រខាងលើ បានឱ្យដឹងថា  រយៈពេល ៤ខែចុងក្រោយនេះ ខាងក្រុមហ៊ុន តែងតែមានភាពយឺតយ៉ាវក្នុងការបើកប្រាក់ឈ្នួលកម្មករ-កម្មការិនី។ រហូតមកដល់ថ្ងៃទី២៤ ខែមីនានេះ ខាងក្រុមហ៊ុន នៅតែមិនទាន់បើកប្រាក់ឈ្នួលលើកទី២ (៥០%) ជូនកម្មករនៅឡើយទេ ថែមទាំងជូនដំណឹងថា ការបើកជូនលើកទី២នេះ គឺបានតែពាក់កណ្ដាលប៉ុណ្ណោះ ដោយសន្យាថា នៅសល់ពាក់កណ្ដាលទៀត នឹងបើកជូនបង្គ្រប់នៅដើមខែមេសា។

ដោយសារតែការបើកប្រាក់ឈ្នួលយឺតយ៉ាវដដែលៗ និងការបើកមិនគ្រប់ ជាហេតុនាំឱ្យកម្មករផ្ទុះការតវ៉ាមិនព្រមធ្វើការ ដោយទាមទារឱ្យមានការបើកប្រាក់ឈ្នួលឱ្យបានគ្រប់ និងទៀងទាត់ដូចកាលពីពេលកន្លងមក។

ការធ្វើកូដកម្មនេះ ក៏មានការអន្តរាគមពីខាងក្រសួងការងារ ចូលមកដោះស្រាយផងដែរ  ប៉ុន្តែយ៉ាងណាក៏ដោយ ការចូលរួមដោះស្រាយពីខាងក្រសួងការងារនោះ ពុំទទួលបានលទ្ធផលនោះទេ ដោយភាគីក្រុមហ៊ុននៅតែរក្សាជំហរដដែល គឺបើកជូនបានតែពាក់កណ្ដាលនៃប្រាក់ឈ្នួលលើកទី២ ហើយចាំបង្គ្រប់នៅដើមខែមេសា។

សូមបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានកម្មករសរុបចំនួន ៩៩៥នាក់៕

You can share this !

Loading...
អត្ថបទទាក់ទង