ថៃ ប្រកាស​ដាក់​ប្រទេស​ទាំងមូល​ក្នុង​គ្រាអាសន្ន ខណៈ​អ្នក​ឆ្លង​កូវីដ១៩ កើន​ដល់​ជាង ៨០០នាក់

បាងកក៖ ប្រទេសថៃ នឹងត្រូវដាក់នៅក្នុងគ្រាអាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ស្របពេលប្រទេសនេះ បានរកឃើញករណីឆ្លងជាង ៨០០ និងស្លាប់ ៤នាក់ គិតត្រឹមថ្ងៃអង្គារ ទី២៤ ខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។

ការប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាអាសន្ន ត្រូវបានធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។ តាមព្រះរាជក្រឹត្យស្ដីពីការដាក់ស្ថានភាពក្នុងគ្រាអាសន្នឆ្នាំ២០០៥របស់ថៃ ការដាក់ប្រទេសក្នុងគ្រាអាសន្ន ផ្ដល់អំណាចដល់នាយករដ្ឋមន្ត្រី នៅក្នុងការសម្រេចចិត្តអនុវត្តគោលនយោបាយ ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត។ លោកនាយករដ្ឋមន្ត្រី អាចបញ្ជាទៅលើមជ្ឈមណ្ឌលដំណោះស្រាយគ្រាអាសន្នថៃ។ មជ្ឈមណ្ឌលនេះដែរ នឹងកោះប្រជុំជារៀងរាល់ថ្ងៃ នៅម៉ោង ៩:៣០ នាទីព្រឹក ដើម្បីតាមដានស្ថានភាព និងចាត់វិធានការចាំបាច់ផ្សេងៗ។

ទន្ទឹមនេះ អាជ្ញាធរ អាចបិទទីតាំងណាមួយដោយគ្មានដីកាពីតុលាការ ហាមប្រជាជនចេញក្រៅផ្ទះ និងដាក់បម្រាមចំពោះការធ្វើដំណើរ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ អាចបិទនូវការចេញផ្សាយរបស់សារព័ត៌មាន ក្នុងករណីចាំបាច់ណាមួយ។

យោងតាមលោកប្រាយុទ្ធ វិធានការរបស់ថៃ ក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ផ្ដើមអនុវត្តពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០៕

ប្រភព៖ Khaosod

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង