ឡាវ​ជា​សមាជិក​អាស៊ាន​តែ១គត់​ដែល​មិន​ទាន់​រកឃើញ​កូវីដ១៩ បន្ទាប់​ពី​មីយ៉ាន់ម៉ា​រកឃើញ​២ករណី​ជា​លើកដំបូង

អាស៊ាន៖ ប្រទេសឡាវ គឺជាប្រទេសសមាជិកអាស៊ានតែមួយគត់ ដែលមិនទាន់រកឃើញនូវករណីឆ្លងវីរុសកូវីដ១៩ឡើយ បន្ទាប់ពីក្រសួងសុខាភិបាលនៃប្រទេសមីយ៉ាន់ម៉ា បានប្រកាសពីការរកឃើញករណីអ្នកផ្ទុកវីរុសកូវីដ១៩ ជាលើកដំបូង ដោយមានចំនួន ២ករណី។

ខណៈពិភពលោក កំពុងត្រូវបានរាតត្បាតដោយជំងឺកូវីដ១៩ ឡាវជាសមាជិកអាស៊ាន ដែលមានសូន្យករណី។ ដោយឡែក មីយ៉ាន់ម៉ា បានរកឃើញករណីផ្ទុកកូវីដ១៩ លើបុរសជនជាតិមីយ៉ាន់ម៉ា ២នាក់ ដែលមានអាយុ ២៦ឆ្នាំ និង ៣៦ឆ្នាំ ដោយពួកគេ បានត្រឡប់មកពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

គិតមកទល់ពេលនេះ ក្រសួងសុខាភិបាលឡាវ បានធ្វើតេស្តរកវីរុសកូវីដ១៩ លើអ្នកជំងឺដែលសង្ស័យ ចំនួន ១១៩ករណី ប៉ុន្តែលទ្ធផល ទទួលបានអវិជ្ជមានទាំងអស់។ ទោះជាមិនទាន់រកឃើញក្ដី ក៏រដ្ឋាភិបាលឡាវ បានដាក់ចេញនូវវិធានការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ដោយ បិទជាបណ្ដោះអាសន្ននូវ សាលារៀន កន្លែងកម្សាន្ត និងច្រកព្រំដែននានា ហើយបានប្រកាសបិទប្រទេសទាំងមូលផងដែរ។

ពលករឡាវរាប់ពាន់នាក់ បានត្រឡប់ពីប្រទេសថៃ កាលពីម្សិលមិញ ស្របពេលអាជ្ញាធរឡាវ តម្រូវឱ្យពលករ ឆ្លងកាត់ច្រកព្រំដែនដែលត្រូវបានកំណត់ជាផ្លូវការ សម្រាប់ងាយស្រួលក្នុងការពិនិត្យសុខភាព មុននឹងឆ្លងចូលទឹកដីឡាវ៕

ប្រភព៖ Laotian Times

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង