បទវិភាគ៖ សមូហនិយម ដើរ​តួ​ជា​អ្នក​កម្ចាត់​វីរុស​កូវីដ១៩ នៅ​ក្នុង​ប្រទេសចិន

ប៉េកាំង៖ ប្រទេសចិន បានរក្សាការពារបានូវស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ (Covid-19) នៅទូទាំងប្រទេស ដោយជោគជ័យ ក្នុងរយៈពេលដ៏ខ្លី។ វាមិនអាចទៅរួចនោះទេ បើគ្មានការប្រកាន់នូវសមូហនិយម ដោយប្រជាជនចិន។ សមូហនិយម ជាការអនុវត្ត ឬគោលការណ៍ ក្នុងការផ្ដល់អាទិភាពទៅលើក្រុមណាមួយ ជាជាងបុគ្គលិកតែម្នាក់។

ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ប្រទេសចិនទាំងមូល ដែលមានប្រជាជនគ្រប់ស្រទាប់វណ្ណៈ បានរួមគ្នាប្រយុទ្ធនឹងវីរុសកូវីដ១៩ ប្រកបស្មារតីរួបរួមគ្នា។ ជាក់ស្ដែង អ្នកបម្រើការក្នុងវិស័យសុខាភិបាល នៅក្នុងប្រទេសនេះ បានធ្វើការលះបង់យ៉ាងធំធេងនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នៅជួរមុខ ដោយបុគ្គលិកសុខាភិបាលខ្លះ បានជួយដល់អ្នកជំងឺ ទាំងជីវិតរបស់ខ្លួន កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ ឬស្លាប់ខ្លួនឯងក៏មាន។ ទាំងនេះ បានបង្ហាញឱ្យឃើញនូវកម្លាំងនៃសមូហនិយមរបស់ប្រជាជនចិន។

ចិន បានអនុវត្តនូវវិធានការដាក់ឱ្យនៅដាច់ដោយឡែក និងការដាក់ខ្លួនឯងឱ្យនៅតែឯង ដូចជា ការបិទទីក្រុងអ៊ូហាន ដែលមានប្រជាជនសរុបជាង ១០លាននាក់ និងជាចំណុចកណ្ដាលនៃការផ្ទុះឡើងរបស់វីរុសកូវីដ១៩ ដែលអាចចាត់ទុកបានថា ជាជំងឺរាតត្បាតដ៏កាចសាហាវដែលបង្កការលំបាកក្នុងការទប់ស្កាត់ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ វិធានការទាំងនេះ បានបង្ហាញពីប្រសិទ្ធភាព ខណៈការរាតត្បាត ត្រូវបានបញ្ឈប់ស្ទើរទាំងស្រុង ដោយតួលេខឆ្លងវីរុសកូវីដ១៩ថ្មីនៅក្នុងប្រទេសនេះ បានធ្លាក់ចុះពីរាប់ពាន់ករណី មកសល់ត្រឹមតួលេខ១ខ្ទង់ប៉ុណ្ណោះក្នុងមួយថ្ងៃ នៅក្នុងតំបន់ដែលផ្ទុះជំងឺនេះ។

នេះជាសមិទ្ធផលនៃស្មារតីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ដែលកើតចេញពីការរួបរួមគ្នារបស់ប្រជាជនចិន ដែលបានបង្ហាញឱ្យឃើញពីសមត្ថភាពក្នុងការចល័តធនធាន និងកម្លាំង របស់ប្រជាជនចិនខ្លួនឯង ដើម្បីយកឈ្នះលើជំងឺមួយនេះ។ ជាមួយការប្រកាន់នូវសមូហនិយម និងស្មារតីស្នេហាជាតិ ប្រជាជនចិន បានបង្ហាញពីការរួបរួម និងភាពស្អិតរមួត។

សមូហនិយម ដែលត្រូវបានអនុវត្តដោយប្រជាជនចិន បានទទួលការកោតសរសើរពីស្ថាប័នធំៗជាច្រើននៅលើពិភពលោក។ អ្នកជំនាញជាច្រើននៅអង្គការសុខភាពពិភពលោក (WHO) បានកោតសរសើរចំពោះ សកម្មភាពជាធ្លុងមួយរបស់ចិន បន្ទាប់ពី WHO បានបញ្ចប់នូវការសិក្សាស្រាវជ្រាវរបស់ខ្លួន នៅក្នុងប្រទេសចិន អំឡុងការប្រយុទ្ធនឹងកូវីដ១៩។ លោក Bruce Aylward ដែលបានដឹកនាំបេសកកម្ម WHO ក្នុងការសិក្សាមួយ បាននិយាយថា អ្នកដែលលោកបានស្គាល់នៅក្នុងប្រទេសចិន បានបង្ហាញនូវស្មារតីត្រៀមខ្លួនរួចជាស្រេច នៅពេលណាដែលរដ្ឋាភិបាល ត្រូវការពួកគេ នៅក្នុងយុទ្ធនាការដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ១៩។ លោកបន្តថា វាមិនមែនជារឿងងាយស្រួលទេ ដែលប្រជាជនប្រទេសមួយ មានស្មារតីស្រឡាញ់ ប្ដេជ្ញា និងលះបង់ទាំងកម្លាំងទាំងកម្លាងចិត្ត នៅក្នុងការបញ្ឈប់ការរាតត្បាតនេះ។ ដោយឡែក លោកអគ្គនាយករបស់អង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយពីកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩របស់ចិន ថា លោកមិនធ្លាប់ឃើញស្មារតីដ៏អង់អាចដូច្នេះពីមុននោះទេ។

ប្រទេសចិន បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់ ឈឺចាប់ និងគួរឱ្យភ័យខ្លាចជាច្រើន ប៉ុន្តែវាមិនទាន់ចប់នោះទេ។ វាបានបង្រៀនប្រជាជនចិន ឱ្យកាន់តែមានភាពក្លាហាន អង់អាច និងហ៊ានងើបឡើងដើម្បីប្រយុទ្ធនឹងការលំបាកនានា។ សមូហនិយម បានដើរតួយ៉ាងសំខាន់ នៅក្នុងសង្គមចិន កាលពីអតីតកាល បានបង្ហាញប្រសិទ្ធភាពនៅពេលបច្ចុប្បន្ន និងបន្តជាស្នូលនៃសង្គមចិននៅពេលអនាគត៕

You can share this !

Loading...
អត្ថបទទាក់ទង