សម្តេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួងសាធារណការ អន្តរាគមន៍​ជួយ​នាវាទេសចរណ៍​ខ្មែរ ៤គ្រឿង ដែល​វៀតណាម មិន​ឱ្យ​ចូលចត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាបន្ទាន់មួយទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យចេញអន្ត​រាគមន៍ជួយនាវាទេសចរណ៍ខ្មែរ៤គ្រឿង ដែលកំពុងជាប់នៅដែនទឹកក្នុងប្រទេសវៀតណាម បន្ទាប់ពីវៀតណាម មិនឱ្យចូលព្រោះបារម្ភមានជំងឺកូវីត១៩ (COVID-19)។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃទី ១៦ ខែមីនា។

ការដាក់បទបញ្ជាឱ្យចេញអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅលើនាវាទាំង៤គ្រឿងនេះ បានកើតឡើង បន្ទាប់ពីម្ចាស់នាវា បានស្នើដោយផ្ទាល់ទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈទំព័រ Facebook របស់សម្តេច។

បើតាមលោក ផាន សុបិន្ត ម្ចាស់នាវាទេសចរណ៍ បានសរសេរលើទំព័រ Facebook កាលពីថ្ងៃទី១៥ ខែមីនា ម្សិលមិញថា នាវាចំនួន៤គ្រឿង ដែលចុះបញ្ជីនៅប្រទេសកម្ពុជា បានដឹកភ្ញៀវពីខេត្តសៀមរាប ទៅកាន់ប្រទេសវៀតណាម ត្រូវបានជាប់គាំងនៅកណ្តាលទន្លេ ក្នុងប្រទេសវៀតណាម ដោយសារអាជ្ញាធរវៀតណាម មិនអនុញ្ញាតឱ្យនាវាដាក់ភ្ញៀវនោះឡើយ។

លោក បន្តថា នៅលើនាវានោះ មាននាវិកសរុប ៩០នាក់ និងភ្ញៀវចម្រុះជាតិសាសន៍ជាង ៦០នាក់។ នាវានេះ កំពុងជួបប្រទះនូវកង្វះទឹកប្រើប្រាស់ ប្រេង និងអាហារហូបចុកលើនាវាផងដែរ។លោក បានសុំសម្តេចតេជោ ជួយអន្តរាគមន៍ ដើម្បីបើកផ្លូវនៅក្អមសំណរ ឱ្យនាវាទាំង៤នេះ បានត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។

ដោយឡែក បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់សារព័ត៌មានក្នុងស្រុកថា សម្តេចតេជោ លោក បានចាត់វិធានការដោះស្រាយលើបញ្ហានេះហើយ។ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងចំណោមនាវាទាំង៤គ្រឿង មាននាវា៣គ្រឿង ដែលផ្ទុកអ្នកទេសចរ ភាគច្រើនមកពីប្រទេសនៅតំបន់អឺរ៉ុប ហើយនាវាមួយគ្រឿងទៀត មិនមានអ្នកទេសចរទេ មានតែអ្នកបម្រើលើនាវាប៉ុណ្ណោះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់ពេលនេះ ខាងនាវា ក៏ដូចជាក្រសួង កំពុងសម្របសម្រួលសុំចូលចតនៅក្នុងប្រទេសវៀតណាម។ តែបើវៀតណាម នៅតែមិនអនុញ្ញាតទៀត គឺរាជរដ្ឋាភិបាល នឹងអនុញ្ញាតឱ្យនាវាទាំង៤គ្រឿងត្រឡប់មកវិញ ដោយត្រូវសំចតនៅច្រកក្អមសំណរ ដើម្បីត្រួតពិនិត្យសុខភាពជាមុនសិន។

ក្នុងករណីពិនិត្យឃើញថា អ្នកទេសចរលើនាវាមិនមានបញ្ហាសុខភាពទេ នឹងត្រូវដឹកជញ្ជូនពួកគាត់ចូលមករាជធានីភ្នំពេញ៕

You can share this !

Loading...
អត្ថបទទាក់ទង