បទវិភាគ៖ ឈ្វេង​យល់​ពី​ការ​ចាត់​ទុក​វីរុស Covid-19 ជា​ជំងឺ​រាតត្បាត​សាកលលោក

ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ggebreyesus បានប្រកាសកម្រិតអាសន្ននៃវីរុសកូវីដ១៩ (Covid-19) ជាជំងឺរាតត្បាតសាកលលោក។ វាបានចម្លងទៅកាន់មនុស្សជាង ១២ម៉ឺននាក់ នៅក្នុង ១០០ប្រទេស ក្នុងនោះ ជាង ៤ម៉ឺននាក់ ជាករណីឆ្លងនៅក្រៅចិនដីគោក ឬស្មើនឹង ៣៣% នៃករណីឆ្លងសរុបនៅទូទាំងពិភពលោក។

ដើម្បីឈ្វេងយល់ពីការដាក់កម្រិតអាសន្ននៃវីរុសកូវីដ១៩ ជាជំងឺរាតត្បាតសាកលលោក គេត្រូវដឹងពីពាក្យមួយចំនួនទៀត នោះគឺ ការផ្ទុះឡើង និង ការរាតត្បាតក្នុងប្រទេស។

យោងតាមសារព័ត៌មានអាមេរិក Vox, ដំបូង នៅពេលដែលជំងឺមួយឆ្លងទៅកាន់មនុស្សជាច្រើន នៅក្នុងតំបន់មួយ ក្នុងរយៈពេលដ៏ខ្លី គេចាត់ទុកវាជា ការផ្ទុះឡើង។ ឧទាហរណ៍ សហរដ្ឋអាមេរិក បានជួបនូវការផ្ទុះឡើងនៃជំងឺកញ្ជ្រិល ដែលក្នុងឆ្នាំ២០១៩ ជាឆ្នាំដែលជំងឺកញ្ជ្រិល មានការឆ្លងធ្ងន់ធ្ងរ និងសម្លាប់មនុស្សច្រើនជាងគេ ចាប់តាំងពីឆ្នាំ១៩៩២មក។

នៅពេលជំងឺមួយ ចាប់ផ្ដើមឆ្លងរីករាលដាលក្នុងកម្រិតដ៏ឆាប់រហ័សមួយលើសពីការរំពឹងទុក នៅក្នុងសហគមន៍ ឬតំបន់ វាត្រូវបានគេហៅថា ការរាតត្បាតនៅក្នុងប្រទេស។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក បានឱ្យនិយមន័យ ការរាតត្បាតក្នុងប្រទេស ថា ជាការកើនឡើងយ៉ាងឆាប់រហ័ស នៃតួលេខអ្នកឆ្លងជំងឺ ដែលមិនអាចនឹកស្មានដល់ នៅក្នុងតំបន់មួយ។ ដូច្នេះ យើងអាចឈ្វេងយល់ពីពាក្យថា ជំងឺរាតត្បាតសាកលលោក បានហើយ។

យោងតាមវចនានុក្រមជំងឺរាតត្បាតរបស់ Oxford, ជំងឺរាតត្បាតសាកលលោក គឺកើតឡើងនៅទូទាំងពិភពលោក ឬមានតំបន់នៃការចម្លងលាតសន្ធឹងពីទ្វីបមួយទៅទ្វីបមួយទៀត និងឆ្លងទៅលើមនុស្សជាច្រើននាក់។ Vox បានឱ្យដឹងផងដែរថា នៅឆ្នាំ២០០៩ ជំងឺផ្ដាសាយបក្សី H1N1 ត្រូវបានដាក់ជា ជំងឺរាតត្បាតសាកលលោក ដោយមនុស្សម្នាក់ក្នុង៥នាក់នៅលើពិភពលោក បានឆ្លងជំងឺនេះ ប៉ុន្តែវាមិនធ្ងន់ធ្ងរនោះទេ ដោយអត្រាស្លាប់ មានត្រឹមតែ ០,០២% ប៉ុណ្ណោះ។ នៅឆ្នាំ១៩១៨-១៩ ជំងឺផ្ដាសាយបក្សី បានប៉ះពាល់ដល់មនុស្សប្រហែល ៥០០លាននាក់ នៅលើពិភពលោក ដែលស្មើនឹងចំនួនប្រជាជន ២៥% នៅទូទាំងសាកលលោក។ តួលេខស្លាប់ដោយសារជំងឺនេះ ត្រូវបានប៉ាន់ស្មានថា មានចន្លោះពី ៤០-៥០លាននាក់។

ប្រភពបន្តថា ជំងឺរាតត្បាតក្នុងប្រទេស តម្រូវឱ្យមានកិច្ចសហការថ្នាក់អន្តរជាតិ ដោយប្រទេសដែលមិនទាន់មានការចម្លងជំងឺ ផ្ដល់ជាជំនួយ និងអាចបិទព្រំដែនរបស់ពួកគេ។ ប្រទេសទាំងនោះ ក៏នឹងត្រូវត្រៀមលក្ខណៈក្នុងការឆ្លើយតបនឹងការចម្លងនៅក្នុងប្រទេសខ្លួនផងដែរ។ ផ្ទុយទៅវិញ នៅពេលមានជំងឺមួយ ត្រូវបានចាត់ទុកជាជំងឺរាតត្បាតសាកលលោក ប្រទេសនានា មិនត្រូវបិទព្រំដែនរបស់ពួកគេ ដើម្បីទប់ស្កាត់អ្នកធ្វើដំណើរពីប្រទេសដែលមានការរាតត្បាតនោះទេ។ ប្រទេសទាំងអស់ ត្រូវចែករំលែកចំណេះដឹង និងជំនាញផ្នែកវេជ្ជសាស្ត្រ ទៅវិញទៅមក៕

You can share this !

Loading...
អត្ថបទទាក់ទង