នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ម៉ាឡេស៊ី និង​បទពិសោធន៍​ក្នុង​ឆាក​នយោបាយ​ជាង​៥០ឆ្នាំ

បន្ទាប់ពីមានការជាប់គាំងផ្នែកនយោបាយអស់រយៈពេលជាង ១សប្ដាហ៍ ព្រះមហាក្សត្រម៉ាឡេស៊ី បានបង្គាប់តែងតាំងនាយករដ្ឋមន្ត្រីថ្មី ដើម្បីដឹកនាំប្រទេស និងបញ្ចប់នូវវិបត្តិ កាលពីថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយលោក មូហ៊ីឌីន យ៉ាស់ស៊ីន (Muhyiddin Yassin) បានធ្វើសម្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី៨ របស់ប្រទេសនេះ កាលពីព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា។

លោក មូហីឌីន យ៉ាសស៊ីន អាយុ ៧២ឆ្នាំ ជាអ្នកនយោបាយជើងចាស់ ដែលមានបទពិសោធន៍ជាង ៥០ឆ្នាំ និងធ្លាប់ទទួលតំណែងជារដ្ឋមន្ត្រី ៧ដង។ លោកត្រូវបានស្គាល់ចំពោះជីវិតនៅលើឆាកនយោបាយ និងបុគ្គលិកលក្ខណៈប្រកបដោយវិន័យ។ លោក មូហ៊ីឌីន បានកើតនៅទីក្រុងម័រ (Muar) រដ្ឋចូហ័រ (Johor) ប្រទេសម៉ាឡេស៊ី។ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យម៉ាឡេស៊ី ជំនាញ "សិក្សាសេដ្ឋកិច្ច និងម៉ាឡេស៊ី" ។ ក្នុងឆ្នាំ១៩៧១ លោកបានចូលរួមជាមួយគណបក្សអង្គការជាតិសហម៉ាឡេស៊ីរួបរួម (UMNO) ដែលជាគណបក្សដឹកនាំប្រទេសម៉ាឡេស៊ីយូរជាងគេ។

យុវជន មូហ៊ីឌីន ត្រូវបានដំឡើងឋានៈយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេលត្រឹមតែ ១៥ឆ្នាំ មូហ៊ីឌីន បានឡើងតំណែងពីសមាជិកក្រុមប្រឹក្សាប្រតិបត្តិរដ្ឋមួយរបស់ម៉ាឡេស៊ី ក្លាយជា អភិបាលរដ្ឋចូហ័រ។ លោកក៏ជាតំណាងរាស្ត្រនៃទីក្រុងប៉ាហ្គោ (Pagoh) នៅភាគខាងជើងរដ្ឋចូហ័រ ចាប់ពីឆ្នាំ១៩៧៨ ហើយកាន់តំណែងនេះ ៨អាណត្តិ។ លោកត្រូវបានផ្ដល់តួនាទីឱ្យគ្រប់គ្រងលើគម្រោងអភិវឌ្ឍវិស័យអប់រំនៅទីក្រុងប៉ាហ្គោ ដែលមានតម្លៃ ១ពាន់លានរីងហ្គីត (ជិត ២៤០លានដុល្លារអាមេរិក)។

លោក មូហ៊ីឌីន ជាអភិបាលរដ្ឋចូហ័រ ចាប់ពីឆ្នាំ១៩៨៦ ដល់ ឆ្នាំ១៩៩៥ ក្រោមស្ដេចស៊ុលតង់ ម៉ាមូត អ៊ីស្កាន់ដា (Mahmud Iskandar)។ ក្រោយមក លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីចំនួន ៦អាណត្តិ ក្នុងនាមជាសមាជិកនៃគណបក្សអង្គការជាតិម៉ាឡេស៊ីរួបរួប (UMNO)។ លោកធ្លាប់ជា រដ្ឋមន្ត្រី ក្រសួង៖ យុវជននិងកីឡា, កិច្ចការពាណិជ្ជកម្មនិងប្រើប្រាស់ក្នុងស្រុក, កសិកម្មនិងឧស្សាហកម្មអាស្រ័យកសិកម្ម, ពាណិជ្ជកម្មនិងឧស្សាហកម្ម។

អំឡុងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់, លោក មូហ៊ីឌីន ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ។ ក្នុងឆ្នាំ២០១០ លោកបានបង្កភាពចម្រូងចម្រាស ជាមួយគណបក្សប្រឆាំង ដែលបានបង្កើតជាសំណួរមកលើគម្រោង 1Malaysia របស់លោក ណាជីប ។ ក្នុងឆ្នាំ២០១៥ លោក មូហ៊ីឌីន ត្រូវបានបញ្ចប់តំណែងនៅក្នុងគណៈរដ្ឋមន្ត្រី បន្ទាប់ពីលោក បានរិះគន់ជាសាធារណៈនូវការគ្រប់គ្រងរឿងអាស្រូវគម្រោង 1Malaysia Development Berhad (1MDB) របស់លោកនាយករដ្ឋមន្ត្រី ណាជីប។ លោកណាជីប បានពន្យល់ថា ការដកលោក មូហ៊ីឌីន និងរដ្ឋមន្ត្រីដទៃទៀត ដែលបានរិះគន់ការដឹកនាំរបស់ខ្លួន គឺជាការបង្កើតក្រុមមួយដែលកាន់តែយល់ពីស្មារតីនៃការរួបរួមគ្នា។ លោក មូហ៊ីឌីន បានទទួលការកោតសរសើរចំពោះការហ៊ាននិយាយដោយចំហរចំពោះអំពើពុករលួយ ប៉ុន្តែលោក ត្រូវបានបណ្ដេញចេញពីគណបក្សអង្គការជាតិម៉ាឡេស៊ីរួបរួម (UMNO) នៅឆ្នាំ២០១៦ ប្រហែល ៥០ឆ្នាំក្រោយរស់នៅជាមួយគណបក្សនេះ។

លោក មូហ៊ីឌីន និងអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ក៏បានបង្កើតគណបក្សថ្មីមួយ ឈ្មោះថា “Parti Pribumi Bersatu Malaysia (Bersatu)” ។ គណបក្សរបស់លោក មូហ៊ីឌីន និងលោក មហាធៀ បានចូលរួមជាមួយគណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាផាន់ (Pakatan Harapan) នៅឆ្នាំ២០១៨ និងបានដើរតួយ៉ាងសំខាន់ នៅក្នុងការរួមចំណែកឱ្យគណបក្សនេះ យកឈ្នះលើគណបក្សចម្រុះដែលបានដឹកនាំប្រទេសម៉ាឡេស៊ី បារីសាន់ ណាសាន់ណាល់ (Barisan Nasional) ក្នុងការបោះឆ្នោតឆ្នាំ២០១៨។ ក្រោយជ័យជម្នះនេះ លោក មហាធៀ ក៏ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី៧ របស់ប្រទេសម៉ាឡេស៊ី ខណៈលោក មូហ៊ីឌីន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នៅខែសីហា ឆ្នាំ២០១៨ លោក មូហ៊ីឌីន ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា លោកមានជំងឺមហារីកលំពែង ដំណាក់កាលទីមួយ និងទទួលការវះកាត់ដោយជោគជ័យ នៅឯមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី។ បន្ទាប់ពីវះកាត់រួច លោក មូហ៊ីឌីន បានទទួលការសួរសុខទុក្ខដោយផ្ទាល់របស់ នាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង ដោយលោក លី បានចែករំលែកគន្លឹះខ្លះៗចំពោះការទទួលទានដល់លោក មូហ៊ីឌីន។

ក្រោយជាសះស្បើយ លោក មូហ៊ីឌីន បានបន្តតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយលោកបានដឹកនាំប្រតិបត្តិការបង្ក្រាបអំពើភេរវកម្ម និងពង្រឹងសន្តិសុខ នៅតាមដែនទឹករដ្ឋសាបា (Sabah) ។ លោកក៏មានចំណែកនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលម៉ាឡេស៊ី នៅក្នុងការតាមចាប់ខ្លួនអ្នកជំនួញ Low Taek Jho ដែលនិរទេសខ្លួន ដោយសាររឿងអាស្រូវគម្រោង 1MDB របស់អតីតនាយករដ្ឋមន្ត្រី ណាជីប ។ លោកថា នឹងនាំខ្លួន Low ទៅកាន់តុលាការ។

យ៉ាងណាក៏ដោយ ទោះបីជាមានការប្រឹងប្រែងពីសំណាក់លោក មូហ៊ីឌីន និងរដ្ឋមន្ត្រីដទៃទៀតក៏ដោយ ក៏គណបក្សចម្រុះរបស់ពួកលោក ទទួលការរិះគន់ពីសំណាក់ជនជាតិដើមម៉ាឡេស៊ី។ ពួកគេ បានបង្ហាញការមិនពេញចិត្តចំពោះបញ្ហាតម្លៃនៃការរស់នៅ និងកត្តាការងារ។ សម្ពាធនេះ បានធ្វើឱ្យមានការជាប់គាំងនយោបាយកាលពីសប្ដាហ៍មុនតែម្ដង ក្រោយកិច្ចប្រជុំនៅរដ្ឋសភាម៉ាឡេស៊ី។

ក្រោយមក លោក មូហ៊ីឌីន ដែលជាតំណាងរាស្ត្រនៃគណបក្សរបស់លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ បានចូលរួមនៅក្នុងការជួបជុំពិភាក្សានយោបាយមួយ នៅសណ្ឋាគារ Sheraton ទីក្រុងកូឡាឡាំពួរ ដោយមានការចូលរួមពីតំណាងរាស្ត្រនៃគណបក្សប្រឆាំង UMNO និង Parti Islam Se-Malaysia (PAS) និង Parti Keadilan Rakyat ។ មួយថ្ងៃក្រោយមក លោក មហាធៀ មហាធៀ ក៏ប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដោយបានបង្កឱ្យមានការកោះហៅតំណាងរាស្ត្រទាំងអស់ ចូលគាល់ព្រះមហាក្សត្រ នៅឯព្រះរាជវាំង ដើម្បីជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី ដែលលទ្ធផលបង្ហាញតាមរយៈព្រះរាជក្រឹត្យតែងតាំងលោក មូហ៊ីឌីន ជានាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី។

គណបក្សចម្រុះ ភឺរីកាតាន់ ណាសាន់ណាល់ (Perikatan Nasional) និងតំណាងរាស្ត្រមកពីគណបក្សចម្រុះ បារីសាន ណាសាន់ណាល់, PAS និង Bersatu បានគាំទ្រលោក មហាធៀ បន្តជានាយករដ្ឋមន្ត្រី ប៉ុន្តែលោក មហាធៀ បានរក្សាជំហររបស់ខ្លួន ដោយលោកមិនចង់ធ្វើការជាមួយតំណាងរាស្ត្រមកពីគណបក្សចម្រុះ UMNO ឡើយ។ ខុសពីលោក មហាធៀ, លោក មូហ៊ីឌីន ដែលធ្លាប់រស់នៅជាមួយគណបក្ស UMNO ប្រហែល ៥០ឆ្នាំ មានបំណងធ្វើការជាមួយអតីតគណបក្សរបស់ខ្លួន។

កត្តានេះ បានធ្វើឱ្យគណបក្សចម្រុះប៉ាកាតាន់ ហារ៉ាផាន់ និងតំណាងរាស្ត្រគណបក្ស Parti Warisan Sabah និង Gabungan Parti Sarawak ជ្រើសរើសលោក មូហ៊ីឌីន ជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយរបស់ម៉ាឡេស៊ី៕

You can share this !

Loading...
អត្ថបទទាក់ទង