បទវិភាគ៖ ឈ្វេង​យល់​ពី​វិបត្តិ​នៅ​ម៉ាឡេស៊ី ដែល​ឈាន​ដល់​ការ​លាលែង​របស់​នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់

លោក មហាធៀ មហាម៉ាត់ កាលពីថ្ងៃទីចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលបានបង្កការភ្ញាក់ផ្អើលដល់ប្រជាជនម៉ាឡេស៊ី និងពិភពលោកទាំងមូល បន្ទាប់ពីការលេចឡើងនូវជម្លោះផ្ទៃក្នុង នៃគណបក្សចម្រុះរបស់លោក កាលពីសប្ដាហ៍មុន។

រឿងរ៉ាវចាប់ផ្ដើមដោយជម្លោះផ្ទៃក្នុង អំឡុងកិច្ចប្រជុំមួយរបស់គណបក្សចម្រុះដែលកាន់អំណាចនៅម៉ាឡេស៊ី ប៉ាកាតាន់ ហារ៉ាផាន់ (Pakatan Harapan) របស់លោក មហាធៀ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ បញ្ហានេះ ធ្វើឱ្យសមាជិកមួយចំនួន នៃគណបក្សចម្រុះរបស់លោក មហាធៀ បានលួចទៅជួបជាមួយសមាជិកនៃក្រុមគណបក្សប្រឆាំង នៅក្នុងសណ្ឋាគារមួយ ដើម្បីបង្ហាញប្រាប់ពិភពលោកថា ពួកគេមានចំនួនដើម្បីផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ បញ្ហានេះ បង្ហាញពីការបែកបាក់ផ្ទៃក្នុងរបស់គណបក្សចម្រុះរបស់លោក មហាធៀ ដោយសារតែក្រុមដែលមិនពេញចិត្តនឹងលោក។

គួររំឭកថា លោក មហាធៀ ធ្លាប់បណ្ដេញលោក អានវ៉ា អ៊ីប្រាហ៊ីម អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចេញពីតំណែងឧបនាយករដ្ឋមន្ត្រី និងចាប់លោកដាក់ពន្ធនាគារ បន្ទាប់ពីលោកបានដឹកនាំចលនា “Reformasi” កាលពីឆ្នាំ១៩៩៨។ អ្វីៗត្រូវបានផ្លាស់ប្ដូរ នៅពេលដែលលោក មហាធៀ បានត្រឡប់ពីចូលនិវត្តន៍ ដើម្បីចូលប្រឡូកក្នុងនយោបាយជាថ្មី និងចូលរួមជាមួយគណបក្សរបស់លោក អានវ៉ា (ដែលដើមឡើយ ត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងគណបក្សរបស់លោកមហាធៀ) ហើយបានយកឈ្នះក្នុងការបោះឆ្នោតសាកលឆ្នាំ២០១៨ លើគណបក្សចម្រុះកាន់អំណាច បារីសាន ណាសាន់ណាល់ (Barisan Nasional) ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់ ដែលមានពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ គម្រោង 1Malaysia Development Berhad (1MDB)។

លោក មហាធៀ បានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីសាជាថ្មី ក្រោយរយៈពេល ១៥ឆ្នាំ ជាមួយនឹងពាក្យសន្យាមួយ ដោយលោកនឹងប្រគល់តំណែងនាយករដ្ឋមន្ត្រីរបស់លោក ទៅឱ្យលោក អានវ៉ា នៅពេលដែលលោក អានវ៉ា ត្រូវបានដោះលែងពីពន្ធនាគារ ប៉ុន្តែប្រគល់នៅមុនចប់អាណត្តិ ឆ្នាំ២០២៣។ លោក មហាធៀ ត្រូវបានគេសង្ស័យថា លោកគ្មានបំណងចង់ធ្វើតាមពាក្យសន្យាឡើយ ដោយលោកបន្តកាន់អំណាចរហូតដល់ដំណាច់អាណត្តិ។ កាលពីសប្ដាហ៍មុន បញ្ហានេះ ក៏ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង របស់គណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាផាន់ របស់លោក មហាធៀ ដើម្បីដាក់សម្ពាធលើលោក មហាធៀ ឱ្យធ្វើការកំណត់កាលបរិច្ឆេទជាក់លាក់ ក្នុងការប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅឱ្យលោក អានវ៉ា។

យ៉ាងណាក៏ដោយ លោក អានវ៉ា បានអះអាងថា លោកអាចរង់ចាំបន្តទៀតបាន ហើយព្រមឱ្យលោក មហាធៀ នៅកាន់អំណាចរហូតដល់ពេលដែលលោក ចង់ឈប់ដោយខ្លួនឯង។ ទោះបីជាកិច្ចប្រជុំបានបញ្ចប់ដោយភាគីនានា បានឯកភាពក្ដី ក៏សមាជិកមួយចំនួននៃគណបក្ស ប៊ឺសាទូ (Bersatu) របស់មហាធៀ មិនអាចអត់ទ្រាំនឹងការបន្តរស់នៅជាមួយគណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាផាន់ និងចង់ផ្ដាច់ខ្លួនពីគណបក្សចម្រុះនេះ បន្ទាប់ពីបើកកិច្ចប្រជុំផ្ទៃក្នុងរបស់គណបក្ស ប៊ឺសាទូ កាលពីថ្ងៃអាទិត្យ។

ប៉ុន្មានម៉ោងក្រោយមក សមាជិកគណបក្សប្រឆាំង និងសមាជិកនៃគណបក្សកាន់អំណាចនេះ បានជួបគ្នានៅសណ្ឋាគារមួយ ដែលមានចម្ងាយប្រហែល ១គីឡូម៉ែត្រពីទីស្នាក់ការរបស់គណបក្សប៊ឺសាទូ នៅកណ្ដាលទីក្រុងកូឡាឡាំពួរ រួមទាំងបុគ្គលមួយចំនួន ដែលកំពុងប្រឈមនឹងការចោទប្រកាន់ទាក់ទងអំពើពុករលួយ បន្ទាប់ពីការធ្លាក់ចុះនៃគណបក្សចម្រុះ បារីសាន ណាសាន់ណាល់ របស់អតីតនាយករដ្ឋមន្ត្រី ណាជីប។ លោក មហាធៀ មិនមានវត្តមានក្នុងជំនួបនៅសណ្ឋាគារនោះឡើយ។

ភាពច្របូកច្របល់ បានកើតឡើង ដោយសង្ស័យថា គណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាផាន់ កំពុងបែកបាក់ ស្របពេលលោក អានវ៉ា បានចេញមកប្រកាសថា រដ្ឋាភិបាលមានជនក្បត់។ លោក អានវ៉ា បានថ្លែងថា៖ “បច្ចុប្បន្ន ពួកយើងកំពុងរង់ចាំព័ត៌មានបន្ថែម ប៉ុន្តែមានការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលរបស់ ប៉ាកាតាន់ ដែលមានពាក់ព័ន្ធនឹងសមាជិកគណបក្ស ប៊ឺសាទូ និងផ្នែកតូចមួយនៃគណបក្ស PKR (គណបក្សរបស់លោកអានវ៉ាផ្ទាល់តែម្ដង)”។

ដោយឡែក លោក មហាធៀ ហាក់ស្ងប់ស្ងាត់ រហូតដល់ថ្ងៃចន្ទម្សិលមិញ លោកបានចេញមុខជាសាធារណៈ ភ្លាមៗដើម្បីប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដោយបញ្ជូនលិខិតលាលែងទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ី។ លោក អានវ៉ា ដែលបានជួបជាមួយលោក មហាធៀ បានប្រាប់ក្នុងសន្និសីទសាព័ត៌មានថា លោក មហាធៀ ពិបាកចិត្ត ដោយសារការព្យាយាមផ្ដួលរំលំរដ្ឋាភិបាល ដែលបានប្រើប្រាស់ឈ្មោះរបស់លោក ដើម្បីផលប្រយោជន៍របស់ពួកគេ ហើយលោក មហាធៀ បានប្រាប់លោកអានវ៉ា ទៀតថា លោកមិនមានពាក់ព័ន្ធនឹងរឿងនេះឡើយ។

លោកមហាធៀ ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី កោះហៅទៅព្រះបរមរាជវាំង ដើម្បីផ្ដល់តួនាទីជា នាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន បន្ទាប់ពីលិខិតសុំលាលែងរបស់លោក ទទួលការយល់ស្របពីព្រះមហាក្សត្រ។ ក្នុងពេលនេះ តំណែងគណៈរដ្ឋមន្ត្រីទាំងអស់ មិនមានអ្នកកាន់ឡើយ។

អ្នកវិភាគនយោបាយម៉ាឡេស៊ី បានបញ្ចេញមតិថា យោងតាមស្ថានភាពបច្ចុប្បន្ន ម៉ាឡេស៊ី អាចនឹងឆ្ពោះទៅរកការបោះឆ្នោតជាបន្ទាន់មួយ ព្រោះគ្មានភាគីនយោបាយណាមួយ មានសំឡេងគ្រប់គ្រាន់ក្នុងដៃឡើយ។ ការបោះឆ្នោតជាជម្រើសមួយ ដើម្បីផ្ដល់ឱកាសដល់ប្រជាជនម៉ាឡេស៊ី ក្នុងការសម្រេចថាតើ នរណាជាអ្នកបង្កើតរដ្ឋាភិបាលថ្មី និងដើម្បីដោះស្រាយភាពជាប់គាំង គឺត្រូវរំលាយរដ្ឋសភា និងធ្វើការបោះឆ្នោតជាបន្ទាន់៕

You can share this !

Loading...
អត្ថបទទាក់ទង