កម្ពុជា ជូនពរ​អ្នកដំណើរ​ចុងក្រោយ ២៣៣រូប ចាក​ចេញ​ពីនាវា MS Westerdam ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសកំណើត​វិញ

ភ្នំពេញ÷ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ អ្នកដំណើរ ២៣៣រូប ចុងក្រោយ ដែលក្នុងនោះមាន ២០នាក់ជានាវឹក និងបុគ្គលិកកប៉ាល់ ដែលមានចម្រុះជាតិសាសន៍២២សញ្ជាតិ បានចាកចេញពីនាវា MS Westerdam ធ្វើដំណើរតាមរថយន្ត ក្រុងចំនួន ១០គ្រឿង ពីក្រុងព្រះសីហនុ ឆ្ពោះមកកាន់រាជធានីភ្នំពេញដើម្បីទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ តាមជើងហោះហើរពីទីក្រុងភ្នំពេញ។

គ្រប់អ្នកដំណើរទាំងអស់ មុនអនុញ្ញាតឱ្យចាកចេញពីនាវា គឺសុទ្ធតែត្រូវបានឆ្លងកាត់ការពិនិត្យវាស់កម្តៅ និងធ្វើតេស្តសុខភាព ដោយមានវត្តមានមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហរដ្ឋអាមេរិក (UNCDC) ដើម្បីធានាថាពិតជាគ្មានមេរោគកូវីដ១៩ (COVID-19)។ មិនតែប៉ុណ្ណោះ បុគ្គលិករបស់កប៉ាល់ទាំងអស់ ក៏ត្រូវពិនិត្យសុខភាពឡើងវិញទាំងអស់គ្នាផងដែរ មុនពេលអនុញ្ញាឱ្យដឹកនាំនាវា MS Westerdam ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នេះជាដំណឹងរីករាយទាំងសម្រាប់កម្ពុជា និងបងប្អូនអ្នកទេសចរទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំការវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារនៅឯប្រទេសកំណើតរបស់ខ្លួន។ កិច្ចការនេះប្រសិនបើគ្មានការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរលើនាវាទាំងអស់នោះ រសាត់អណ្តែតទៅដល់ទីណាទេ ណាមួយជិតអស់ស្បៀង ណាមួយទៀតកប៉ាល់ក៏ជិតអស់ប្រេង!កម្ពុជាក្រ នឹងតូចមែនពិត តែបេះដូងកម្ពុជា គឺធំទូលាយប្រកបដោយក្តីស្រឡាញ់និងសណ្តោសប្រណី។

សូមជូនពរបងប្អូនអ្នកទេសចរទាំងអស់មានសុវត្ថិភាពក្នុងការធ្វើដំណើរ ហើយកម្ពុជានៅរង់ចាំស្វាគមន៍ទទួលបងប្អូនគ្រប់ពេលជានិច្ច៕

You can share this !

Loading...
អត្ថបទទាក់ទង