បទវិភាគ៖ មតិ​លើ​គម្រោង​ការ​បិទ​ព័ត៌មាន​ក្នុង​ប្រទេសថៃ

លោក Buddhipongse Punnakanta រដ្ឋមន្ត្រីក្រសួងសេដ្ចកិច្ច និងសង្គមឌីជីថល និងជាសមាជិកព្រឹទ្ធសភា នៃប្រទេសថៃ បានលើកឡើងពីសំណើ បិទការផ្សាយផ្ទាល់ (Live) ផ្សេងៗ នៅគ្រប់មធ្យោបាយផ្សព្វផ្សាយនានា អំឡុងពេលមានវិបត្តិ។ ដោយកាលពីថ្ងៃចន្ទកន្លងទៅ លោករដ្ឋមន្ត្រីថៃរូបនេះ បានលើកបញ្ហានេះ មកពិភាក្សាក្នុងកិច្ចប្រជុំព្រឹទ្ធសភា បន្ទាប់ពីមានការផ្សាយផ្ទាល់នូវហេតុការណ៍បាញ់ប្រហារនៅទីក្រុងនគររាជសីមា ប្រទេសថៃ ដែលសម្លាប់មនុស្សជិត៣០នាក់ ដោយលោកលើកឡើងថា ការធ្វើដូច្នេះ អាចរំខានដល់ប្រតិបត្តិការរបស់កម្លាំងសន្តិសុខ និងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ប្រជាជនថៃ ដែលនៅជាប់នៅក្នុងផ្សារទំនើប ដែលជាកន្លែងធ្វើសកម្មភាពរបស់ខ្មាន់កាំភ្លើង។

ក្រោយកិច្ចប្រជុំ លោករដ្ឋមន្ត្រី ក្រសួងសេដ្ចកិច្ច និងសង្គមឌីជីថលថៃ បានបញ្ជាក់ថា លោកនឹងស្នើឱ្យមានច្បាប់ស្ដីពីការគ្រប់គ្រងបណ្ដាញទំនាក់ទំនងសង្គម និងបណ្ដាញសារព័ត៌មាននានា។ លោករដ្ឋមន្ត្រីបន្ថែមថា អំឡុងពេលមានវិបត្តិ មានតែសារព័ត៌មានរដ្ឋមួយប៉ុណ្ណោះ ដែលអាចមានសិទ្ធិក្នុងការចូលរាយការណ៍ព័ត៌មាន។

អ្នកវិភាគយល់ថា សំណើរបស់លោករដ្ឋមន្ត្រីថៃ ជាការបិទសិទ្ធិរបស់បណ្ដាញសារព័ត៌មានក្នុងប្រទេសថៃ ដែលត្រូវបានយកទៅប្រៀបធៀបជាមួយនឹងវិធានការ ដែលអនុវត្តនៅក្នុងប្រទេសចិន ឡាវ និងវៀតណាម។ បើអនុវត្ត វិធានការនេះ នឹងប៉ះពាល់ដល់សង្គមថៃជាក់ជាមិនខាន។ ដំបូងបង្អស់ នៅពេលដែលរដ្ឋាភិបាលថៃ បិទសិទ្ធិក្នុងការរាយការណ៍របស់បណ្ដាញសារព័ត៌មាន វានឹងរីករាលដាលដល់ការរាយការណ៍ជុំវិញវិបត្តិផ្សេងៗទៀត ដូចជា គ្រោះធម្មជាតិ ការឆ្លងរីករាលដាលជំងឺ ឬ ការប្រមូលផ្ដុំតវ៉ា ជាដើម។ សារព័ត៌មាន ជាទីកន្លែងផលិត និងចែកចាយនូវព័ត៌មានពិត ទាក់ទងនឹងវិធានការរបស់អាជ្ញាធរ និងភាពអសកម្ម ជុំវិញវិបត្តិនានា។ ការបិទសិទ្ធិបណ្ដាញសារព័ត៌មាន ក៏នឹងធ្វើឱ្យមានការកំណត់ថាតើ ព័ត៌មានណាដែលសាធារណៈ ត្រូវដឹង និងមិនត្រូវដឹង ដែលនេះអាចប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាជនខ្លួន។

កាលពីពេលកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ បានចាត់វិធានការតឹងរ៉ឹងចំពោះការប្រមាថព្រះមហាក្សត្រ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានបង្កើតមជ្ឈមណ្ឌលប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ដោយចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលសរសេរ និងចែកចាយអ្វីដែលមិនល្អ នៅលើបណ្ដាញសង្គម។ ដោយថ្មីៗនេះ មជ្ឈមណ្ឌលនេះ បានចោទប្រកាន់មនុស្សមួយចំនួន ដែលបានចែកចាយព័ត៌មានក្លែងក្លាយ ជុំវិញបញ្ហាវីរុសកូវីដ១៩ ឬ វីរុសកូរ៉ូណាប្រភេទថ្មី។ ប្រជាជនថៃ បានរិះគន់វិធានការរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ ថា លោកមិនបានចែកឱ្យដាច់រវាង អ្នកបង្កើតព័ត៌មានក្លែងក្លាយ និងអ្នកចែកចាយព័ត៌មានក្លែងក្លាយឡើយ។

បន្ទាប់ពីសំណើរបស់រដ្ឋមន្ត្រីថៃ, មន្ត្រីជាន់ខ្ពស់ប៉ូលិស និងយោធា បានប្រកាសថា នឹងសហការគ្នា ដើម្បីបិទបណ្ដាញសារព័ត៌មានអនឡាញ ដែលប្រព្រឹត្តផ្ទុយពីច្បាប់ដែលមិនទាន់ត្រូវបានអនុវត្តនេះ ដើម្បីឆ្លើយតបទៅតាមគោលការណ៍របស់រដ្ឋាភិបាល។ ទោះជាយ៉ាងណា ក៏មាននៅតែមានការលើកឡើងថា សំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ បង្ហាញថា រដ្ឋាភិបាលថៃ មានបំណងចង់បិទព័ត៌មានដែលចេញផ្សាយដោយបណ្ដាញព័ត៌មាន និងការបញ្ចេញមតិរបស់សាធារណជន ជុំវិញបញ្ហាជាក់លាក់ណាមួយ។

ដោយឡែក កាលពីពេលថ្មីៗនេះ គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមជាតិថៃ ក៏បានផ្ដល់ដំបូន្មានពីការរាយការណ៍ជុំវិញករណីបាញ់ប្រហារនៅថៃ ជាមួយបណ្ដាញសារព័ត៌មានចំនួន៦ ហើយភាគីសារព័ត៌មានទាំងអស់ បានយល់ព្រមក្នុងការកែប្រែគោលការណ៍នៅក្នុងអង្គភាពនីមួយៗរបស់ពួកគេផងដែរ។ ការធ្វើដូច្នេះ ត្រូវបានមើលឃើញថា ជាវិធីសាស្ត្រល្អជាង សំណើរបស់លោករដ្ឋមន្ត្រីថៃខាងលើ៕

You can share this !

Loading...
អត្ថបទទាក់ទង