អ្នក​ឧកញ្ញ៉ា គិត ម៉េង គាំទ្រ​នូវ​វិធានការ​ដែល​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ បាន​ដាក់​ចេញ ដើម្បី​កែ​លម្អ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំវេទិកាស្តីពីគយកម្ពុជាលើកទី១ ក្រោមអធិបតីភាពលោក បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ដំណើការនៃវេទិកានេះ មានការសហការគាំទ្រសំខាន់ៗពី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា ជាពិសេសមានការឧបត្ថម្ភពីក្រុមហ៊ុន G Gear Group, ផលិតផល LG, ក្រុមហ៊ុន Advance Glory Logistics និង ក្រុមហ៊ុន Triumph Link ផងដែ។ វេទិកានេះ មានវត្ថមាន អនុប្រធាន និងសមាជិកសមាជិកា សភាពាណិជ្ជកម្ម ព្រមទាំងប្រធានសភាពាណិជ្ជកម្មខេត្តក្រុង និងសមាជិកសមាជិកាម្ចាស់ ឬតំណាងក្រុមហ៊ុនផ្នែកឯកជន ព្រមទាំងវត្តមានបស់មន្ត្រីជំនាញអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សរុបមានចំនួន ១៥០នាក់។

ថ្លែងទៅកាន់អ្នកចូលរួមក្នុងវេទិកា អ្នកឧកញ៉ា គិត ម៉េង បានកត់សម្គាល់នូវសារៈសំខាន់នៃយន្តការដៃគូគយ-ផ្នែកឯកជនដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០ និងបានធ្វើការវាយតម្លៃខ្ពស់នូវវិធានការជាបន្តបន្ទាប់ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញ ដើម្បីកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា។

ដោយឡែក លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ពីសារៈសំខាន់នៃវេទិកានេះ ក្នុងការចូលរួមចំណែកក្នុងការលើក កម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជា បង្កើនអនុលោមភាពរបស់វិស័យឯកជន តាមរយៈការបញ្ជ្រាបការយល់ដឹងរបស់វិស័យឯកជននូវប្រធានបទពាក់ព័ន្ធនឹងបច្ចេកទេសគយ និងនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយមួយចំនួន។

ក្នុងវេទិកានោះដែរ ក៏មានការធ្វើបទបង្ហាញដោយមន្ត្រីគយ និង រដ្ឋាករ ស្តីពីនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់, ការបង់ពន្ធអាករតាមមធ្យោបាយអេឡិចត្រូនិច (e-payment), ចំណាត់ថ្នាក់ទំនិញ និងការអនុវត្តអត្រាពន្ធអនុគ្រោះក្រោមក្របខ័ណ្ឌពាណិជ្ជកម្មសេរី ព្រមទាំង កិច្ចពិភាក្សាចោទឆ្លើយ ពីបញ្ហានានាពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីទាំងនេះផងដែរ។

You can share this !

Loading...
អត្ថបទទាក់ទង