មនុស្សប្រភេទណា ងាយប្រឈមនឹងការឆ្លងវីរុសកូរ៉ូណាថ្មី?

ភ្នំពេញ៖ ករណី​រក​ឃើញ​វីរុសកូរ៉ូណា​ថ្មី​នៅ​ទឹក​ដី​កម្ពុជា​ ជា​ជនជាតិ​ចិន មកពីទីក្រុងវូ​ហាន បានរឹតតែ​ធ្វើឱ្យ​ប្រជាជន​ព្រួយបារម្ភ​ទ្វេដង។ ទន្ទឹម​នឹង​នោះ​ផង​ដែរ ក៏​មាន​ការលើកឡើង​ជា​សំណួរ​ផ្សេង​ៗ​គ្នា​ថា តើ​មនុស្ស​ប្រភេទ​ណា​ ងាយ​នឹង​ឆ្លង​វីរុស​កូរ៉ូណាថ្មី​នេះ?

យោងតាមគេហទំព័រ www.hellokrupet.com បានដកស្រង់សម្តីលោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ បាន​ឱ្យ​ដឹង​ថា អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ហើយ​មាន​ជំងឺ​ផ្សេង​ៗ​ទៀត​នោះ​ ងាយ​នឹង​ឆ្លង​ណាស់ ដូចជា អ្នក​ជំងឺ​ទឹកនោមផ្អែម អ្នក​ជំងឺ​បេះដូង អ្នក​ជំងឺ​របេង និងលើស​សម្ពាធឈាម ដែល​អ្នក​ទាំង​ប៉ុន្មាន​ប្រភេទ​នោះ ​ពេល​ឆ្លងវីរុសកូរ៉ូណា ​សភាព​កាន់តែ​ដុនដាប​ខ្លាំង និង​អត្រា​ព្យាបាលជាសះស្បើយ​ ក៏​កាន់តែ​តិច​ដែរ។

មួយ​វិញ​ទៀត​ចំពោះ ទារក កុមារ​តូច​ៗ និង​មនុស្ស​ចាស់ជរា ក៏​ងាយ​ឆ្លង​ដែរ ព្រោះ​ប្រព័ន្ធ​ការពារ​ក្មេង​នៅ​ខ្ចី និង​មិន​ទាន់​វិវត្តបាន​រឹងមាំ ហើយ​ចាស់​​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ។

លោកវេជ្ជបណ្ឌិត ​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា សម្រាប់​អ្នក​ជំងឺ​ខ្លះ​ដែល​ព្យាបាល​ជា​សះស្បើយ​មកពី​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ល្អ ហើយ​គ្រូពេទ្យ​ នឹង​បន្ថែម​របប​អាហារ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ។ ដូចនេះ​ ត្រូវ​ញ៉ាំ​អាហារ​ណា​ដែល​ជួយ​ដល់​រាងកាយ​ ជាពិសេស​ពពួក​សាច់ ព្រោះ​វា​ចូល​ទៅ​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​ឱ្យ​រឹងមាំ ពេល​ឆ្លងជំងឺមិនសូវ​ធ្លាក់ដុនដាប​ខ្លាំង។

ដូចនេះ ​ដើម្បី​ការពារខ្លួន​ពី​វីរុស​នោះ ត្រូវពាក់ម៉ាស់​ ឧស្សាហ៍​លាង​សម្អាត​ដៃជាមួយ​សាប៊ូ និងកុំ​ទៅ​ជិត​អ្នក​មាន​ជំងឺ​ផ្លូវដង្ហើម៕

You can share this !

Loading...
អត្ថបទទាក់ទង