WHO៖ ករណីមេរោគផ្លូវដង្ហើមថ្មី ឆ្លងពីមនុស្សទៅមនុស្ស ពុំទាន់មានឡើយ

អន្តរជាតិ៖ អង្គការ​សុខភាព​ពិភព​លោក WHO បាន​ឱ្យ​ដឹង​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ករណី​ឆ្លង​​វីរុស​​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី (Coronavirus) ពី​មនុស្ស​ទៅ​មនុស្ស​ គឺ​ពុំ​ទាន់​​មាន​​ភស្តុតាង​ច្បាស់​លាស់​នៅ​ឡើយ។​ នេះ​បើ​​ផ្អែក​តាម​ទិន្នន័យ​​ដែល​ អង្គការ​ពិភព​លោក​មួយ​នេះ​ ទទួល​បាន និងត្រូវបានចេញផ្សាយដោយគេហទំព័រ www.hellokrupet.com

WHO បាន​បញ្ជាក់​ទៀត​ថា ការ​ស្រាវជ្រាវ​តាម​ដាន ​​នឹង​ត្រូវ​ធ្វើ​បន្ថែម​ ដើម្បី​បញ្ជាក់​​ឱ្យ​​ច្បាស់​​ពី​វត្តមាន​នៃ​ការ​ឆ្លង​មេរោគ​ប្រភេទ​ថ្មី​​ខាង​លើ ​ក្នុង​ចំណោម​មនុស្ស​ ទាំង​ឱកាស​​នៃ​​ការ​ឆ្លង​​តាម​គ្រប់​រូប​ភាព និង​រោគ​សញ្ញា​ផ្សេង​ៗ​ ដែល​ពុំ​ទាន់​កំណត់​បាន​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​អង្គការ​សុខភាព​ពិភព​លោក​ដដែល មក​ទល់​ពេល​នេះ មាន​​​អ្នក​ដំណើរ​ជា​ស្រ្តី​​ជន​ជាតិ​ចិន​ វ័យ​៦១​ឆ្នាំ​ម្នាក់ ដែល​​មាន​អាការៈ​​គ្រុន​ក្តៅ ឈឺ​ក និង​ឈឺ​ក្បាល និង​បាន​​ធ្វើ​ដំណើរ​មក​ពី​ក្រុង​ Wuhan ពី​​ចិន ​​តាម​ជើង​ហោះ​ហើរ​​ទៅ​កាន់​ប្រទេស​ថៃ ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា​ មាន​​ផ្ទុក​នូវ​​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​នេះ ក៏​ត្រូវ​​បាន​បញ្ជូន​ទៅ​​​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ភ្លាម​ៗ។ ហើយ​ស្ថានភាព​អ្នក​ដំណើរ​ចិន​រូប​នេះ ក៏​កំពុង​ស្ថិត​ក្នុង​ការ​​ស្រាវជ្រាវ​ពី​មូល​ហេតុ​ដើម​​នៃ​​ការ​ឆ្លង។

គួរ​រំលឹក​ដែរ​ថា ចាប់​តាំង​ពី​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី (Coronavirus) នៅ​​ចុង​ឆ្នាំ​២០១៩ នៅ​ទីក្រុង Wuhan ខេត្ត​​ Hubei ប្រទេស​ចិន និង​មាន​​៤១​ករណី​​ហើយ ដែល​​បាន​រក​ឃើញ​ថា​ឆ្លង​ពាក់​ព័ន្ធ​ជា​មួយ​មេរោគ​ខាង​លើ ដោយ​ក្នុង​នោះ​ មាន​​​​​១​ករណី​​បាន​ឆក់​យក​ជីវិត​មនុស្ស​ម្នាក់​ ដោយ​សារ​វីរុស​ប្រភេទ​ថ្មី​នេះ៕ ​​

You can share this !

Loading...
អត្ថបទទាក់ទង