ក្រសួងបរិស្ថាន​ ​ថា​ ​គុណភាព​ខ្យល់​មានការ​ធ្លាក់ចុះ​គួរ​ឱ្យ​បារម្ភ​ ​និង​ស្នើ​ចាត់វិធានការ​ទប់ស្កាត់​

ភ្នំពេញ៖ ​​យោងតាមលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់​ពីស្ថានីយ​ត្រួត​​ពិនិត្យ​គុណភាពខ្យ​ល់ ​ដែល​ក្រសួង បរិស្ថានបានដំឡើងនៅតាមបណ្តារាជធានី ខេត្តទូទាំង​ប្រទេស បាន​​បង្ហាញថា ស្ថានភាពភាព​គុណភាព​​ខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិត​​និចល PM10 និង PM2.5 មាន​ការ​​កើន​ឡើង​​លើសកំណត់ស្តង់ដា ដែលជាហានិភ័យបង្កការប៉ះពាល់ចំពោះ​សុខភាព​ប្រជាពល​រដ្ឋ។

បើតាមក្រសួង​ ប្រភព​និង​សកម្មភាពសំខាន់ៗ ដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការ​កើន​ឡើង​នេះ មានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត និងពី​ចំហេះ​ឥន្ធនៈផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុត​សំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។

ដោយពិនិត្យ​ឃើញ​នូវបញ្ហា​បែបនេះ និងដើម្បីកែលម្អគុណភាពខ្យល់នៅតាមរាជធានី ខេត្ត ក្រសួងបរិស្ថាន​ បានណែនាំ​ដល់​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តនូវវិធានការ​មួយចំនួន​ ដូចជា​៖
១. ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាម សំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម
២.ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងធូលីហុយនៅតាមដងផ្លូវ
៣. សម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ
៤. អប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅគល់ជញ្ជាំង និង សំណល់កសិកម្មផ្សេងៗទៀត។

ទាក់ទិននឹងគុណភាពខ្យល់នេះ យោងតាមគេហទំព័រ AirVisual ដែលតាមដាន និងផ្សាយផ្ទាល់ ព័ត៌មាននៃគុណភាពខ្យល់ បានបង្ហាញឱ្យឃើញថា ទីក្រុងភ្នំពេញ កំពុងមានវត្តមានខ្យល់ពុលកម្រិតក្រហម ដោយមានសន្ទស្សន៍គុណភាពខ្យល់ (AQI) ចន្លោះពី ១៥០ ទៅ ១៥៥ នាព្រឹកថ្ងៃសុក្រ ទី១៧ មករា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា ខ្យល់ពុលកម្រិតក្រហម មានសន្ទស្សន៍គុណភាពខ្យល់ចន្លោះពី ១៥១ ទៅ ២០០ តម្រូវឱ្យពលរដ្ឋពាក់ម៉ាសការពារ ព្រោះអាចផ្តល់ផលប៉ះពាល់អវិជ្ជមាន និងធ្ងន់ធ្ងរដល់បេះដូង និងសួត ក្នុងចំណោមមនុស្សទូទៅ។
ក្រៅពីទីក្រុងភ្នំពេញ ក៏សង្កេតឃើញថា ទីក្រុងបាងកករបស់ប្រទេសថៃ និងទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម ក៏មានខ្យល់ពុលកម្រិតក្រហម ក្នុងសន្ទស្សន៍គុណភាពខ្យល់ចន្លោះពី ១៥០ ទៅ ១៥៥ ផងដែរ នាព្រឹកនេះ៕

ដោយ៖ សិរី វឌ្ឍ

 

You can share this !

Loading...
អត្ថបទទាក់ទង