ត្រួស​ៗ​ពីអ​ត្ថ​ន័យ​មុខម្ហូប​ ​និង​ផ្លែឈើ​ដែល​ត្រូវ​មាន​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​

ស្របពេលដែលថ្ងៃបុណ្យចូលឆ្នាំចិនកាន់តែខិតជិតមកដល់មែនទែនហើយបងប្អូនប្រជាពលរដ្ឋដែលមានខ្សែស្រឡាយកាត់ចិនកំពុងតែមានភាពមមាញឹកនឹងការរៀបចំផ្ទះសម្បែង និងត្រៀមឥវ៉ាន់សម្រាប់ថ្ងៃសែន។
 
 
ជាក់ស្តែងសម្រាប់មុខម្ហូបក៏ដូចជាផ្លែឈើដែលត្រូវរៀបចំទាំងប៉ុន្មានគឺសុទ្ធសឹងតែមានន័យទាំងអស់ព្រោះក្រៅពីឈុតសាស៊ែរសំខាន់បំផុតដែលមានដូចជាមាន់ស្ងោរ ស៊ុតស្ងោរ សាច់ជ្រូក៣ជាន់ និងយេហ៊ឺហើយ មុខម្ហូបដទៃទៀតមានន័យដូចជា៖
-មាន់ សំដៅលើភាពស្រស់ស្អាត មាំមួនល្អ និងរីកចម្រើននៅក្នុងការងារ ។
-ទា មានភាពបរិសុទ្ធ និងសមត្ថភាពយ៉ាងច្រើន ។
-ត្រី សំដៅលើការមានទ្រព្យសំបូរហូរហៀរ ។
-ជ្រូក មានទ្រព្យស្ដុកស្ដម្ភ ។
-ត្រីមឹក មានភាពសំបូរសប្បាយ ។
-មីសួ សំដៅលើការមានអាយុវែង ។
-គ្រាប់ឈូក សំដៅលើការមានកូនចៅច្រើន ។
 
 
ពលរដ្ឋចិននិយមពិសាតៅហ៊ូ ប៉ុន្តែមិនគួរយកមកសែនទេព្រោះពណ៌សសម្រាប់ជនជាតិចិន ជាពណ៌សោកសៅ ម្ហូបហឹរ ល្វីង និងមានបន្លានឹងធ្វើឲ្យជីវិតមានឧបសគ្គ និងមិនជ្រះស្រឡះល្អ ។
 
ក្រៅពីមុខម្ហូបទាំងនោះហើយក៏ត្រូវមាននំចំណី និងផ្លែឈើប៉ុន្មានមុខដូចជា៖
- ផ្លែប៉ម គឺមានន័យថាសន្តិភាព
- ម្នាស់ មានន័យថាសំណាងល្អ
- ចេក និងផ្លែក្រូច មានន័យថា មានលាភសំណាង
- ទំពាំងបាយជូ គឺការកើនឡើងភាពស្តុកស្តម្ភក្នុងគ្រួសារ
- បង្អែម ឬ នំពងមាន់ តំណាងឱ្យភាពផ្អែមល្ហែម ភាពរលូន ឬ ភាពចម្រុងចម្រើន
 
 
ក្នុងចំណោមផ្លែឈើទាំងអស់ផ្លែក្រូចត្រូវបានចាត់ទុកថាជាផ្លែឈើដែលអាចនាំលាភសំណាង និងមិនអាចខ្វះបាន បន្ថែមពីនេះផងដែរ ប្រជាជនចិនបានរៀបចំក្រដាសមាស-ប្រាក់ដើម្បីដុតជូនជីដូនជីតាដែលបានចែកឋានទៅព្រោះក្រដាសសែនត្រូវបានចាត់ទុកថាជាប្រាក់ខ្មោចដែលអាចផ្ញើឱ្យជីដូនជីតាដែលបានចែកឋានតាមរយៈការដុតឧទ្ទិសដល់ពួកគាត់។ មួយវិញទៀតជនជាតិចិនក៏មិនភ្លេចក្រដាសបិទនៅមាត់ទ្វារផ្ទះផងដែរជាមួយនឹងពាក្យ “Peng An” ជាភាសាចិនមានន័យថា “សុខសប្បាយ”៕
 
 
អត្ថបទ៖ គង់ ចាន់ស្រីនុច
 

You can share this !

Loading...
អត្ថបទទាក់ទង