នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​ ​លាលែង​ពី​តំណែង​ ​ក្រោយ​បែកធ្លាយ​ខ្សែអាត់​សំឡេង​

អ៊ុយក្រែន៖ នៅថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២០ នេះ លោក Oleksiy Honcharuk នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន បានប្រកាសលាលែងពីតំណែង បន្ទាប់ពីខ្សែអាត់សំឡេងមួយ បានបែកធ្លាយលោក Honcharuk បានរិះគន់ទៅលើលោកប្រធានាធិបតីអ៊ុយក្រែន Volodymur Zelenskiy ថា មិនមានការយល់ដឹងពីសេដ្ឋកិច្ច។

លិខិតលាលែងរបស់លោក Honcharuk បានបញ្ជូនទៅកាន់លោកប្រធានាធិបតី Zelenskiy ខណៈលោកប្រធានាធិបតី នឹងធ្វើការពិចារណាលើសំណើនេះ។

លោក Honcharuk នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានលើកឡើងថា ការលាលែងនេះ ដើម្បីស្រាយចម្ងល់ទាក់ទងនឹងសេចក្ដីគោរព និងទំនុកចិត្តរបស់លោក ចំពោះលោកប្រធានាធិបតី។ លោក Zelenskiy ប្រធានាធិបតីអ៊ុយក្រែន មានសិទ្ធិបញ្ជូនលិខិតទៅកាន់សភាអ៊ុយក្រែន ដើម្បីធ្វើការសម្រេចចុងក្រោយ។

សូមជម្រាបថា លោក Honcharuk ដែលមានវ័យទើបតែ៣៥ឆ្នាំ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។ លោកក៏ធ្លាប់កាន់តំណែងជា អនុប្រធានខុទ្ទកាល័យប្រធានាធិបតី និងជាមេធាវីម្នាក់ផងដែរ៕

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង