អ្នកនាំពាក្យ​ ​ថា​ ​គុណភាព​ខ្យល់​នៅ​កម្ពុជា​ ​នៅតែ​ល្អ​ ​ប៉ុន្តែ​គេហទំព័រ​មួយ​ថា​ ​ខ្យល់ពុល​កម្រិត​ក្រហម​ ​កំពុង​មាន​វត្តមាន​នៅ​ភ្នំពេញ​

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា រហូតមកទល់ពេលនេះ ស្ថានភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែមានគុណភាពល្អនៅឡើយ ហើយមន្ត្រីជំនាញ បាននិងកំពុងបន្តតាមដានលើគុណភាពខ្យល់នេះបន្ថែមទៀត។



ថ្លែងប្រាប់សារព័ត៌មាន Click News នៅថ្ងៃទី ១៧ ខែមករានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខា​ធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់ នៅមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ។ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បាននិងកំពុងបន្តតាមដានលើគុណភាពខ្យល់បន្ថែមទៀត។

លោក​ នេត្រ ភក្ត្រា​ បានឱ្យដឹងថា​ ការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះ មិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះ មាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។ ក្រសួងបរិស្ថាន នឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានជ្រាបអំពីការវិវឌ្ឍថ្មីៗ ជុំវិញស្ថានភាពគុណភាពខ្យល់នៅប្រទេសកម្ពុជា។

លោក ក៏សូមគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជា ដែលមិនចេញពីប្រភពក្រសួងបរិស្ថាន ជាព័ត៌មានមិនផ្លូវការ។

ទាក់ទិននឹងគុណភាពខ្យល់នេះ យោងតាមគេហទំព័រ AirVisual ដែលតាមដាន និងផ្សាយផ្ទាល់ ព័ត៌មាននៃគុណភាពខ្យល់ បានបង្ហាញឱ្យឃើញថា ទីក្រុងភ្នំពេញ កំពុងមានវត្តមានខ្យល់ពុលកម្រិតក្រហម ដោយមានសន្ទស្សន៍គុណភាពខ្យល់ (AQI) ចន្លោះពី ១៥០ ទៅ ១៥៥ នាព្រឹកថ្ងៃសុក្រ ទី១៧ មករា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា ខ្យល់ពុលកម្រិតក្រហម មានសន្ទស្សន៍គុណភាពខ្យល់ចន្លោះពី ១៥១ ទៅ ២០០ តម្រូវឱ្យពលរដ្ឋពាក់ម៉ាសការពារ ព្រោះអាចផ្តល់ផលប៉ះពាល់អវិជ្ជមាន និងធ្ងន់ធ្ងរដល់បេះដូង និងសួត ក្នុងចំណោមមនុស្សទូទៅ។
ក្រៅពីទីក្រុងភ្នំពេញ ក៏សង្កេតឃើញថា ទីក្រុងបាងកករបស់ប្រទេសថៃ និងទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម ក៏មានខ្យល់ពុលកម្រិតក្រហម ក្នុងសន្ទស្សន៍គុណភាពខ្យល់ចន្លោះពី ១៥០ ទៅ ១៥៥ ផងដែរ នាព្រឹកនេះ៕



អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង