រដ្ឋបាល​ខេត្តបាត់ដំបង​ ​ថា​ ​មិន​មានការ​គាស់​រូបសំណាក​តោ​ចោល​ ​ដើម្បី​ស្វែងរក​កំណប់​នោះ​ឡើយ​

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសបដិសេធទាំងស្រុងលើការចេញផ្សាយរបស់សារព័ត៍មានក្នុងស្រុកមួយ ដែលនិយាយថា ការសាងសង់ស្ពាន និងគាស់រូបសំណាកតោចោល ជាការស្វែងរកកំណប់ក្បែរស្ពានបុរាណ ដែលជាសំណង់សង់ដោយបារាំង។

តាមការបំភ្លឺរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ការសាងសង់ស្ពាននេះ គឺមានការគាំទ្រជាច្រើន ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលមានស្ពានថ្មថ្មីមួយបន្ថែមទៀតនៅក្បែរគ្នា ដែលរក្សាលំនាំដើមដូចស្ពានថ្មចាស់។ មួយវិញទៀត ក៏មិនមានការគាស់រូបតោចោល ដើម្បីស្វែងរកកំណប់នោះដែរ ។ ជាក់ស្តែង ការសាងសង់មិនមានការបិទបាំង ឬក៏ហាមឃាត់មិនឱ្យមើលនោះទេ។

តាមអ្នកបច្ចេកទេស បានឱ្យដឹងថា ការសាងសង់ស្ពានថ្មថ្មីនៅប៉ែកខាងត្បូង (ប៉ែកខាងលើ) ក្បែរស្ពានថ្មចាស់ គឺអាចជួយពាំងកម្លាំងទឹក ឬសំរាមផ្សេងៗ ក្នុងពេលមានទឹកជំនន់ស្ទឹងសង្កែហក់ឡើងខ្លាំង ដោយសារតែស្ពានថ្មចាស់ ពិតជាមានសភាពទ្រុឌទ្រោមខ្លាំង ម៉្យាងវិញទៀតដើម្បីជួយបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុងនៅពេលមានពិធីបុណ្យផ្សេងៗ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មី ឆ្លងស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលមានតម្លៃ ប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក ស្ថិតនៅក្បែរស្ពានថ្មចាស់ អាយុកាលជាង ១០០ឆ្នាំ ដែលសាងសង់ដោយបារាំង។

ចំពោះស្ពានថ្មថ្មីនេះ គឺមានប្រវែងបណ្តោយ ១០០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមស្ពានថ្មចាស់ និងសាងសង់នៅប៉ែកខាងត្បូង (ប៉ែកខាងលើ) គម្លាត ៦ម៉ែត្រពីស្ពានថ្មចាស់ ដែលមានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង៕

You can share this !

Loading...
អត្ថបទទាក់ទង