ប្រមុខ​រដ្ឋាភិបាល​អុីរ៉ង់​ ​ថា​ ​មិន​ឱ្យ​អ្នក​បាញ់​ទម្លាក់​យន្តហោះ​អ៊ុយក្រែន​ណា​ម្នាក់​រួចខ្លួន​ឡើយ​

តេហេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ នឹងដាក់ទណ្ឌកម្មលើបុគ្គលទាំងឡាយណា ដែលមានពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះដឹកអ្នករបស់អ៊ុយក្រែន កាលពីសប្ដាហ៍មុន បណ្ដាលឱ្យមានមនុស្សស្លាប់ ១៧៦នាក់ នៅក្នុងទីក្រុងតេហេរ៉ង់។

លោកប្រធានាធិបតី ហាសាន រ៉ូហានី (Hassan Rouhani) បានថ្លែងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ នេះថា ឧបទ្ទវហេតុដែលបានឆកយកជីវិតមនុស្សស្លូតត្រង់ចំនួន ១៧៦នាក់ កាលពីពេលកន្លងទៅ គឺជា "ព្រឹត្តិការណ៍សោកនាដកម្មមួយ" ដែលត្រូវស៊ើបអង្កេតដោយការប្រុងប្រយ័ត្នបំផុត
 
 
លោកថា៖ "វាជាកំហុសដែលមិនអាចលើកលែងទោសបាន... មនុស្សម្នាក់មិនអាចទទួលខុសត្រូវតែឯងបានឡើយ សម្រាប់ការធ្លាក់យន្តហោះនោះ... កងកម្លាំងអ៊ីរ៉ង់ បានសារភាពពីកំហុសរបស់ខ្លួន នេះជាជំហានដំបូងដ៏ល្អ... ពួកយើងត្រូវធានាថា វានឹងមិនកើតឡើងម្ដងទៀតឡើយ"។

លោក រ៉ូហានី បានបន្ថែមថា រដ្ឋាភិបាលរបស់លោក នឹង "ទទួលខុសត្រូវទាំងស្រុងចំពោះពលរដ្ឋអ៊ីរ៉ង់ និងពលរដ្ឋប្រទេសដទៃ ដែលបានបាត់បង់ជីវិតក្នុងការធ្លាក់យន្តហោះនេះ"។

ការថ្លែងរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ គឺស្របពេលប្រជាពលរដ្ឋ អ៊ីរ៉ង់ បានចេញមកតវ៉ា ទាក់ទងនឹងការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ដែលមានផ្ទុកអ្នកដំណើរជនជាតិអ៊ីរ៉ង់ ៨២នាក់ ក្នុងចំណោមជនរងគ្រោះទាំង ១៧៦នាក់។

ក្រោយមានការចុះផ្សាយថា អ៊ីរ៉ង់ នៅពីក្រោយការធ្លាក់យន្តហោះនេះ មេបញ្ជាការកងទ័ពអាកាសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចេញមុខទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ដែលបានបញ្ជាឱ្យកូនចៅ បាញ់ទម្លាក់យន្តហោះនោះ ដោយស្មានថា ជាយន្តហោះចម្បាំងរបស់អាមេរិក៕
 
 
ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
 
 

You can share this !

Loading...
អត្ថបទទាក់ទង