រក​ឃើញ​អ្នក​ផ្ទុកមេរោគ​ស្រដៀងនឹង​ជំងឺ​សារស៍​ ​នៅ​ព្រលា​ន​សុវណ្ណភូមិ​ ​ក្រុង​បាងកក​

បាងកក៖ មន្ត្រីសុខាភិបាល ប្រចាំនៅព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ទីក្រុងបាងកក ប្រទេសថៃ បានស្កេនរកឃើញអ្នកផ្ទុកមេរោគដែលស្រដៀងនឹងជំងឺសារស៍ ដែលគេដឹងថា ជំងឺរលាកសួតម្យ៉ាងដែលមិនទាន់ស្គាល់អត្តសញ្ញាណ។ អ្នកជំងឺ គឺជាភ្ញៀវទេសចរចិនម្នាក់ និងត្រូវបានបញ្ជូនទៅកាន់មន្ត្រីពេទ្យភ្លាមៗ។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul ។

សារព័ត៌មាន Coconuts នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ស្ត្រីជនជាតិចិន ដែលមានអាយុ ៦១ឆ្នាំ ត្រូវបានសង្ស័យថា មានផ្ទុកជំងឺរលាកសួតដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅពេលគាត់មកដល់ព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ កាលពីថ្ងៃពុធ សប្ដាហ៍មុន។ យ៉ាងណាមិញ អត្តសញ្ញាណរបស់គាត់ មិនត្រូវបានបញ្ចេញនោះទេ។

ប្រភពបន្តថា ស្ត្រីដដែល បានចាកចេញពីទីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិន ដែលជាទីតាំងផ្ទុះជំងឺខាងលើ។ គាត់ នឹងត្រូវអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីជាពីជំងឺ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

រដ្ឋមន្ត្រីសុខាភិបាលថៃ បានគូសបញ្ជាក់ថា ព្រលានយន្តហោះចំនួន៤ ស្ថិតក្នុងការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីសុខាភិបាល រួមមាន ព្រលាន សុវណ្ណភូមិ ដូនមឿង ភូកេត និង ឈៀងម៉ៃ។

មកទល់ពេលនេះ យ៉ាងហោចណាស់មនុស្ស ៥៩នាក់ បានផ្ទុកជំងឺថ្មីខាងលើ ក្នុងនោះមានស្លាប់ និងជាសះស្បើយ បន្ទាប់ពីរកឃើញករណីដំបូង នៅទីក្រុងវូហាន កាលពីខែមុន៕

ប្រភព៖ Coconuts

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង