សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ ​ស្នើ​ទូត​អាមេរិក​ ​ជួយ​ជំរុញ​វិនិយោគិន​អាមេរិក​ ​មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​មួយ​នេះ​

ព្រះសីហនុ៖ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានជួបពិភាក្សាការងារជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងរវាងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងស្ថានទូតអាមេរិក។

ក្នុងជំនួបនោះ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានបង្ហាញពីស្ថានភាពសេដ្ឋកិច្ចក្នុងខេត្តនេះ និងការប្រែប្រួលនានា ការវិនិយោគរបស់ចិនក្នុងអំឡុងពេល ៤ឆ្នាំចុងក្រោយនេះ។ ជាមួយនេះ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក៏បានបង្ហាញពីសក្តានុពលខេត្ត ជូនដល់ទូតសហរដ្ឋអាមេរិកនិងបានបញ្ជាក់ពីការស្វាគមន៍នូវការវិនិយោគ មកពីគ្រប់ទិសទី ដើម្បីឱ្យខេត្តព្រះសីហនុ ទទួលបានអ្នកវិនិយោគបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក៏បានស្នើសុំឱ្យស្ថានទូតអាមេរិក ជួយពង្រឹងផ្នែកធនធានមនុស្ស តាមរយៈការធ្វើទស្សនៈកិច្ចសិក្សា និងរៀនសូត្រពីបណ្ដាសភាពាណិជ្ជកម្ម និងសមាគមពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក។ ជាមួយនេះ ស្នើឱ្យជួយជំរុញអ្នកវិនិយោគអាមេរិក មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើន។

ទន្ទឹមគ្នានេះ សភាពាណិជ្ជកម្មខេត្ត ក៏បានស្នើទូតអាមេរិក ជួយជំរុញការកែច្នៃផលនេសាទ និងជំរុញការអភិវឌ្ឍ និងវិនិយោគផ្នែកវារីវប្បកម្ម ដោយសារតែមើលឃើញពីសក្ដានុពលទីផ្សាផលិតផលទាំងនេះនៅអាមេរិក។

ក្រៅពីនេះ សភាពាណិជ្ជកម្មខេត្ត ក៏បានស្នើទូតអាមេរិក ជួយជំរុញ និងគាំទ្រដល់ការអភិវឌ្ឍកម្មករជំនាញ ដែលជាកត្តាមួយទាក់ទាញអ្នកវិនិយោគ និងស្នើសុំឱ្យបើកទូលាយដល់សហគ្រិនក្នុងខេត្តព្រះសីហនុ អាចទៅធ្វើទស្សនៈកិច្ចនៅអាមេរិក ដើម្បីស្វែងយល់បទពិសោធន៍ថ្មី។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានទទួលយកសំណើទាំងអស់នេះ ហើយសន្យាថា នឹងព្យាយាមនាំអ្នកវិនិយោគមកកាន់កម្ពុជា ឱ្យកាន់តែច្រើន ដើម្បីពង្រឹងចំណងមិត្តភាពលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

ដោយ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង