មកទល់​ពេលនេះ​ ​ការស្ថាបនា​ស្ពាន​អាកាស​ ​និង​ផ្លូវ​ក្រោម​ដី​ ​នៅ​រង្វង់​មូល​ចោមចៅ​ ​សម្រេច​បាន​ជាង​ ​៣៧ភាគរយ​ហើយ​

ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់មូលចោមចៅ គិតមកដល់ពេលនេះ សម្រេចបានប្រមាណ៣៧ ភាគរយហើយ។ លោក បានអះអាងថា ក្រុមការងារ បាននឹងកំពុងធ្វើគ្រឹះក្រោម សម្រុកជីកផ្លូវក្រោមដី និងចាក់សសរស្ពានជាដើម។

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល ៣០ខែ និងចំណាយថវិកាសាងសង់ចំនួន២២ ​លានដុល្លាអាមេរិក។

បើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ការ​សាងសង់ស្ពាននេះត្រូវបានបែងចែកជា ៣ ផ្នែកគឺ៖

ស្ពានទី១ ជាស្ពានអា​កាស​មេ តភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង ១៥.៨ ម៉ែត្រ ដែលមានចរាចរណ៍ពីរគន្លងទៅ និងពីរគន្លងមក ជម្រាលស្ពាន ៤.៥ ម៉ែត្រ និងមានកម្ពស់អតិបរិមា ៥.៥ ម៉ែត្រ។

ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅកាន់ផ្លូវវេងស្រេង សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លង​​​រថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប ២០២ម៉ែត្រ (ស្ពានអាកាសប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដី​ប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង ៥.២៥ ម៉ែត្រ។

ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង​ ៥.២៥​ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ដោយឡែក ផ្លូវ និងផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដីប្រវែង ១៣ម៉ែត្រ និងផ្លូវលើដីប្រវែង ១១៧ម៉ែត្រ) ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ ម៉ែត្រ ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨ កន្លងមក៕

You can share this !

Loading...
អត្ថបទទាក់ទង