អ្នកសារព័ត៌មាន​ ​និង​អ្នក​ពាក់ព័ន្ធ​ជិត​ ​៥០០០នាក់​ ​នឹង​ចូលរួម​ជំនួប​ជាមួយ​សម្តេច​តេជោ​ ​នាយក​រដ្ឋមន្ត្រី​ ​នៅ​រសៀល​ថ្ងៃទី​ ​១៤​ ​ខែមករា​នេះ​

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០នេះ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធជិត ៥០០០នាក់ នឹងចូលរួមក្នុងពិធីសំណេះសំណាលប្រចាំឆ្នាំ លើកទី៤ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាមជ្ឈមណ្ឌលកោះពេជ្រ។

បើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌​មាន បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា សម្រាប់ជំនួបលើកនេះ គឺមានការខុសប្លែក​ពីជំនួបកាលពីលើកមុនៗបន្តិច ដោយសារមានការអញ្ជើញរដ្ឋមន្ត្រីពីគ្រប់ក្រសួង និងសមា​ជិក​ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មកចូលរួមដែរ ដើម្បីឱ្យបានស្គាល់គ្នារវាងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន ជាមួយអ្នកសារព័ត៌មាន ។

លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍

លោក ផុស សវុណ្ណ ក៏បានឱ្យដឹងបន្ថែមទៀតថា ក្នុងជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មាននេះ អ្នកដែលចូលរួមមិនមែន តែអ្នកសារព័ត៌មានទាំងអស់នោះទេ ប៉ុន្តែអ្នកទាំងនោះ គឺជាអ្នកធ្វើការទាក់ទងនឹងវិស័យព័ត៌មាន ដូចជាអ្នកនាំពាក្យនៅគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី-ខេត្ត អ្នកនាំពាក្យរាជធានី-ខេត្ត និងអ្នកនាំពាក្យតាមមន្ទីរាជធានី-ខេត្ត ដែលសរុបទាំងអស់ប្រមាណជិត៥,០០០នាក់។

បើតាមលោក ផុស សុវណ្ណ ជំនួបនេះ មានសារៈសំខាន់ណាស់ចំពោះអ្នកសារព័ត៌មាន ក្នុងការជួបអ្នកសារព័ត៌មានពីបណ្តាលខេត្ត ដើម្បីធ្វើផ្ទៀតផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មានហើយធ្វើព័ត៌មាន ត្រូវមានប្រភពព័ត៌មានច្រើនជាការល្អ ដើម្បីជាព័ត៌មានសុក្រឹត្យ ព័ត៌មានពិតនិងជាព័ត៌មានផ្តល់ប្រយោជន៍ដល់សង្គម។

ជាការកត់សម្គាល់ មុនជំនួប២ថ្ងៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១២ ខែមករា ថា ៖ “អរគុណអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចូលរួមផ្សាយព័ត៌មានពិត និងព័ត៌មានវិជ្ជមានល្អពីកម្ពុជា ដែលជាការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ”។

ដោយឡែក កាលពីជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេច ចង់ឃើញអ្នកសារព័ត៌មាន ជួយរិះគន់ស្ថាបនា ជាពិសេសការអនុវត្តរបស់ស្ថាប័ន និងបុគ្គល។ សម្តេចតេជោ ឱ្យដឹងទៀតថា អ្នកសារព័ត៌មាន ត្រូវបានផ្តល់ឱកាសឱ្យចូលរួមចំណែកទៅដល់កម្រិតគោលនយោបាយ និងចូលរួមកែលម្អស្ថានភាពទាំងឡាយ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មាន នៅកម្ពុជា វិស័យប្រព័ន្ធផ្សព្វផ្សាយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះ បច្ចុប្បន្នសារព័ត៌មានបោះពុម្ពផ្សាយ សរុបមានចំនួន ៦៥០អង្គភាព ក្នុងនោះ កាសែតផ្សាយជាភាសាខ្មែរ ៤១១អង្គភាព, កាសែតផ្សាយជាភាសាបរទេស ២៥អង្គភាព, ទស្សនាវដ្តី ១៩៤អង្គភាព និងព្រឹត្តបត្រព័ត៌មាន ២០អង្គភាព។ ដោយឡែកសមាគមអ្នកសារព័ត៌មាន និងក្លិបអ្នកកាសែតកម្ពុជា មាន ៤១អង្គភាព, ចំណែក វិទ្យុមានចំនួន ២២០ស្ថានីយ, ទូរទស្សន៍ ១៩ស្ថានីយ, ទូរទស្សន៍ផ្កាយរណប ០៣ស្ថានីយ, ទូរទស្សន៍ ឌីជីថល (Pay-TV)០៨ស្ថានីយ និងទូរទស្សន៍អនឡាញ ៤៨អង្គភាព។

ក្រៅពីនេះ មានការិយាល័យទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងវិទ្យុ-ទូរ​ទស្សន៍បរទេស ប្រចាំការអចិន្ត្រៃយ៍ សរុបមានចំនួន២១អង្គភាព ដែលក្នុងនោះ ក៏មានផងដែរ វិទ្យុអន្តរជាតិចិន(CRI) និងអង្គភាពសារព័ត៌មានចិនជាច្រើនផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា ជំនួបរវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកសារព័ត៌មានលើកដំបូងបានធ្វើឡើងកាលពីថ្ងៃទី ១៤ខែមករាឆ្នាំ២០១៧ ហើយជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានប្រកាស នឹងជួបជាមួយអ្នកសារព័ត៌មានរៀងរាល់មួយឆ្នាំម្តង ដោយបានកំណត់យកថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំ ដើម្បីបន្តការជួបជុំអ្នកសារព័ត៌មាន៕

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង