អភិបាល​រាជធានី​ភ្នំពេញ​ ​ប្រាប់​អាជ្ញាធរ​ខណ្ឌ​ទាំង១៤​ ​ឱ្យ​ពង្រឹង​សន្តិសុខ​ឡើងវិញ​ ​ដើម្បី​សុវត្ថិភាព​ជូន​ពលរដ្ឋ​

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់អភិបាលខណ្ឌទាំង១៤ ឱ្យផ្តោតសំខាន់លើភារកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រឿងស្រវឹងគ្រឿងញៀនខុសច្បាប់ ជាពិសេស កិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអភិបាលខណ្ឌទាំង១៤ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០២ ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា បញ្ហាល្បែងស៊ីសងជាដើមចមបង្កឱ្យមាន អសន្តិសុខនៅក្នុងសង្គម ដែលត្រូវរួមគ្នា ដើម្បីបង្ក្រាប ហើយត្រូវប្តេជ្ញាធ្វើយ៉ាងណាឱ្យល្បែងស៊ីសង មានការថយចុះ និងឈានទៅដល់ការលុបបំបាត់ទាំងស្រុង។

ក្រៅពីនោះ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ រួមទាំង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត ដោយបង្ក្រាបល្បែងស៊ីសងគ្រប់រូបភាព ជាពិសេស បង្ក្រាបបទល្មើសគ្រឿងញៀន ជាបញ្ហាធំមួយ ដែលអាជ្ញាធរ មានសមត្ថកិច្ចត្រូវតែបង្ក្រាបឱ្យបាន៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង