សម្តេច​ចក្រី​ ​ហេង​ ​សំ​រិន​ ​ស្នើ​ប្រធាន​រដ្ឋសភា​អូស្ត្រាលី​ ​ជួយ​ជំរុញ​អ្នក​វិនិយោគ​ ​និង​ទេសចរ​ ​មកកាន់​កម្ពុជា​បន្ថែម​ទៀត​

អូស្ត្រាលី៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់រដ្ឋសភា និងរដ្ឋាភិបាលអូស្ត្រាលី ជួយជំរុញអ្នកវិនិយោគ និងទេសចរអូស្ត្រាលី មកកម្ពុជាកាន់តែច្រើនថែមទៀត។

ការជំរុញបែបរបស់សម្តេចពញាចក្រី បានធ្វើឡើងក្នុងជួបពិភាក្សាការងារជាមួយលោក តូនី ស្មីត (Tony Smith) ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធានកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ ដែលជាការពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ។

ប្រធានរដ្ឋសភាអូស្រ្តាលី លោក តូនី ស្មីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភាកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ មកចូលរួមកិច្ចប្រជុំ APPF ក្នុងប្រទេសអូស្រ្តាលី នាពេលនេះ។ លោក បានលើកឡើងថា សភាអូស្រ្តាលី បានសិក្សា និងដកស្រង់ពិសោធន៍ជាច្រើនពីសភាកម្ពុជា ដែលរៀបចំកិច្ចប្រជុំ APPF លើកទី២៧ កាលពីឆ្នាំ២០១៩។

សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងពីសារៈសំខាន់របស់សភាអូស្រ្តាលី នៅក្នុងវេទិកាអន្តរសភាក្នុងតំបន់ និងសកលលោក។ សម្តេច បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំកិច្ចប្រជុំ APPF លើកទី២៨នេះ ប្របកដោយខ្លឹមសារ បង្ហាញសារៈសំខាន់ពីកិច្ចសហប្រតិបត្តិការល្អពីសមាជិក APPF ដើម្បីវិបុលភាពរបស់ប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានរួមវិភាគទានយ៉ាងធំធេង ក្នុងដំណាក់កាលស្វែងរកសន្តិភាព ក៏ដូចជាការអភិវឌ្ឍន៍នៅកម្ពុជា ហើយ បច្ចុប្បន្ន អូស្រ្តាលី ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ស្ទើរគ្រប់វិស័យ។

ក្នុងជំនួបដ៏មានតម្លៃនោះ សម្តេចពញាចក្រី ហេង សំរិន បានស្នើសភា និងរដ្ឋាភិបាលអូស្ត្រាលី បន្តគាំទ្រកម្ពុជាជាបន្តទៀត ជាពិសេសជួយជំរុញវិនិយោគ និងទេសចរណ៍ពីអូស្ត្រាលី ទៅកម្ពុជា និងជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា និងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា មកសិក្សានៅអូស្រ្តាលី ពីព្រោះការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ ត្រូវការធនធានមនុស្សជាចាំបាច់។

សម្តេចពញាចក្រី ហេង សំរិន បានគោរពអញ្ជើញលោក តូនី ស្មីត មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ខាងមុខនេះ។

លោក តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី បានទទួលយកសំណើ និងការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ លោក មានក្តីរីករាយចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់។

សូមជម្រាបថា នៅក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំ APPF នាទីក្រុងកុងបេរ៉ា នេះ សម្តេចប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារផ្លូវការ និងក្រៅផ្លូវការជាមួយប្រតិភូសភា ដែលជាសមាជិក APPF និងអន្តរសភាអាស៊ាន មួយចំនួនទៀតផងដែរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជានិងបណ្តាប្រទេសជាមិត្ត៕

ដោយ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង