រដ្ឋមន្ត្រី​សំណង់​ ​ណែនាំ​មន្ត្រី​ជំនាញ​ឱ្យ​ពង្រឹង​ការ​ត្រួតពិនិត្យ​គុណភាព​សំណង់​ឡើងវិញ​ក្រោយ​បាក់​រលំ​អគារ​ជាបន្តបន្ទាប់​

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់មន្ត្រីជំនាញផ្នែកសំណង់ (វិស្វករ ស្ថាបត្យករ) ឱ្យពង្រឹងគុណភាពការសាងសង់របស់ខ្លួនឡើងវិញ ក្រោយមានការបាក់រលំអគារជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ និងខេត្តកែប បណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ កាលពីពេលថ្មីៗនេះ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ សម្រាប់អ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ ដែលមានការចូលរួមដោយ វិស្វករ ស្ថាបត្យករ និងនិស្សិតជាង ១.០០០នាក់, លោកឧបនាយករដ្ឋមន្ត្រី ជា សុផារា បានលើកឡើងថា ការបាក់រលំអគារនៅខេត្តកែបកន្លងទៅ គឺជាបទពិសោធន៍ដែលមន្ត្រី និងអ្នកជំនាញផ្នែកសំណង់ទាំងអស់ ត្រូវគិតពិចារណាឱ្យបានហ្មត់ចត់ចំពោះសំណង់របស់ខ្លួន កុំឱ្យកើតមានករណីបាក់រលំជាថ្មីទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគររួបនីកម្ម និងសំណង់ បានចេញសេចក្តីណែនាំថ្មីមួយទៀត ស្តីពីការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់នៅកម្ពុជា។ វិធានការថ្មីនេះ បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងវិស័យសំណង់ទាំងអស់ ត្រូវពង្រឹងនូវគុណភាព និងសុវត្ថិភាពសំណង់ ដោយហាមដាច់ខាត ចំពោះការសាងសង់សំណង់ដែលមិនមានលិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់, ហាមដាច់ខាតការអនុវត្តការងារសាងសង់ ឬ រុះរើដោយអ្នក សាងសង់ដែលគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្មផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ចំពោះការដ្ឋានសំណង់ដែលដំណើរការសាងសង់ ឬ រុះរើដោយមិនមានវិស្វករប្រចាំការដ្ឋានជាអ្នកទទួលខុសត្រូវ ក៏ត្រូវហាមឃាត់ផងដែរ។ ជាមួយនេះ ក៏បានហាមឃាត់ការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ ទោះបីជាលក្ខណៈបណ្តោះអាសន្នក៏ដោយ និងហាមដាច់ខាត អ្នកមិនមានភារកិច្ចចូលក្នុងការដ្ឋានសំណង់។ លើសពីនេះ ក៏បានហាមផងដែរ នូវការប្រើប្រាស់សំណង់គ្រប់ប្រភេទ ដោយមិនមានវិញ្ញាបនបត្រប្រើប្រាស់សំណង់ ឬលិខិតបិទការដ្ឋានផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងសេចក្តីណែនាំក៏ បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់អនុវត្តន៍លើគោលការណ៍ និងវិធានការមួយចំនួនទៀត រួមមាន លិខិតអនុញ្ញាតសាងសង់ ជួសជុល និងរុះរើ, លិខិតអនុញ្ញាតបើកការដ្ឋានសំណង់, ការរៀបចំការដ្ឋាន, ដំណើរការដ្ឋានសាងសង់ និងការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់ជាដើម។

សូមបញ្ជាក់ថា រយៈពេល៦ខែ កម្ពុជាមានការបាក់រលំអគារកំពុងសាងសង់ចំនួនបីលើក ដែលបានកើតឡើងខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តកែប បានបង្កការខូចខាត មានមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ផងដែរ៕

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង