អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ការរុះរើតូបតាមឆ្នេរអូរត្រេះ នៅតែធ្វើ ទោះមានការតវ៉ាពីអាជីវករ ក៏ដោយ

ព្រះសីហនុ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបញ្ជាក់ប្រាប់សារព័ត៌មាន Click News តាមទូរស័ព្ទថា ទោះក្រុមអាជីវករទាំង ៦២តូប នៃឆ្នេរអូរត្រេះ ដែលមានចំនួន ៧០នាក់ បន្តនាំគ្នាប្រមូលផ្តុំទាមទារកុំឱ្យរុះរើតូបក៏ដោយ ក៏អាជ្ញាធរខេត្ត នៅតែសម្រេចចិត្ត ក្នុងការអនុវត្តដដែល។

លោក ឃាង ភារម្យ បានអះអាងថា ការរុះរើតូបទាំងនោះ គឺដើម្បីជាប្រយោជន៏រួម របៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ នៅក្នុងខេត្តទេសចរណ៍មាត់សមុទ្រនេះ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានបន្តថា ការតវ៉ា ជាសិទ្ធរបស់អាជីវករ តែការអនុវត្តតាមការជូនដំណឹងរបស់ខេត្ត គឺនៅតែអនុវត្តដដែល។

សូមបញ្ជាក់ថា ក្រុមអាជីវករលក់ដូរនៅតាមឆ្នេរអូរត្រេះជាង ៧០នាក់ បន្តនាំគ្នាប្រមូលផ្តុំទាមទារនិងស្នើសុំអភិបាលខេត្តនេះ កុំរុះរើតូបរបស់ពួកគេ។ ការទាមទារនេះ ដោយសារតែរដ្ឋបាលខេត្តព្រះសីហនុ ព្រមានថា នឹងរុះរើតូបរបស់ក្រុមអាជីវករនៅថ្ងៃទី១៥ ខែមករា ខាងមុខ។

ក្រុមអាជីវករទាំង ៦២តូប ដែលប្រឈមការនឹងការរុះរើតូប នៅតែទាមទារតវ៉ានៅមុខតូបរបស់ពួកគេស្ថិតក្នុងសង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះកាលពីថ្ងៃទី០៤ ខែធ្នូ បានឱ្យដឹងថា ដើម្បីរៀបចំឆ្នេរឱ្យមានរបៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថានល្អ រដ្ឋបាលខេត្តព្រះសីហនុ ស្នើទៅអាជីវកររុះរើតូប ស្តង់ រោង ឬការដាក់តាំងលក់ដូរផ្សេៗដែលគ្មានសណ្ដាប់ធ្លាប់ចេញវិញទាំងអស់ ក្នុងរយៈ៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង។ រដ្ឋបាលខេត្ត ព្រមានថា ក្នុងករណីអាជីវករ មិនរុះរើ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារ ឬបាត់បង់ទ្រព្យសម្បត្តិឡើយ៕

អត្ថបទ៖ គន្ធ តារាវិឆ័យ

You can share this !

Loading...
អត្ថបទទាក់ទង